(ភ្នំពេញ)៖​ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា កាលពីសប្ដាហ៍កន្លងទៅ បានរៀបចំវគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល និងគ្រូកម្រិតបឋមមួយ ដើម្បីពង្រឹងមន្ដ្រីបច្ចេកទេសរបស់ខ្លួន ឲ្យមានសមត្ថភាព និងចំណេះដឹងកាន់តែច្រើន សម្រាប់រួមចំណែកជំរុញ​ការអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ស្របពេលសហព័ន្ធ កំពុងរៀបចំគម្រោងស្នើសុំក្រសួងអប់រំ យុវជន និងកីឡា បញ្ចូលកីឡានេះ ក្នុងកីឡាជាតិ លើកទី៣ និងការត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ផងដែរ។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធ បានបង្កើនការអភិវឌ្ឍន៍កាន់តែខ្លាំង មិនថាមន្ដ្រីបច្ចេកទេស គ្រូបង្វឹក ឬកីឡាករ-កីឡាការិនីនោះទេ ដើម្បីបំពេញលក្ខខណ្ឌបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ នាឆ្នាំ២០២០ ពិសេសគឺការពង្រីក​សក្ដានុពលកីឡាតុងហ្គីលម៉ូដូ ឲ្យមានក្លឹប ឬសមាគម តាមបណ្ដាលខេត្តកាន់តែច្រើន ដើម្បីងាយស្រួល​ក្នុងការចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើម។ ទន្ទឹមជាមួយគ្នា លោកក៏សង្ឃឹមថា ថ្នាក់ដឹកនាំក្រសួងអប់រំ នឹងឆ្លើយតបជាវិជ្ជមាន ចំពោះកិច្ចខិតខំរបស់សហព័ន្ធនេះវិញដែរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើ គឺមានរយៈពេល ៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី០៤-០៨ ខែធ្នូ ឆ្នាំ២០១៨ ដោយមានសិក្ខាកាម ៣០នាក់ មកពីក្លឹប និងសមាគម ដែលជាសមាជិកសហព័ន្ធចូលរួម ខណៈពិធីបិទកាលពីចុងសប្ដាហ៍កន្លងទៅ បានធ្វើឡើងក្រោមវត្តមានលោក ជ័យ ចាប ទីប្រឹក្សាសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា៕