(ឌូ​បៃ)៖​ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ត្រូវបានធ្វើការចាប់ឆ្នោតបែងចែកពូលប្រកួតជុំផ្ដាច់ព្រ័ត្ររួចហើយ ខណៈការប្រកួត គ្រោងចាប់ផ្ដើមពីថ្ងៃទី០៥ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ នៅប្រទេសអារ៉ាប់រួម។

សម្រាប់ការចាប់ឆ្នោតពានដ៏ធំប្រចាំទ្វីបអាស៊ីនេះ គឺមាន ២៤ក្រុមចូលរួម ហើយបែងចែកជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ក្នុងនោះក៏មានវត្តមានក្រុមជម្រើសជាតិ ប្រចាំតំបន់អាស៊ាន ៣ក្រុមដែរ រួមមានក្រុមជម្រើសជាតិថៃ វៀតណាម និងហ្វីលីពីន ដែលស្ថិតក្នុងពូលផ្សេងៗគ្នា។

គួរបញ្ជាក់ថា ពាននេះបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាលមកហើយ ដើម្បីចម្រាញ់រកក្រុមខ្លាំង ១២ក្រុម ឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រ ដោយមាន ១២ក្រុមផ្សេងទៀត អង្គុយរងចាំស្រាប់។ ចំណែកក្រុមជម្រើសជាតិកម្ពុជា ក៏បានចូលរួមដែរ តែគួរឲ្យស្ដាយបានធ្លាក់ត្រឹមវគ្គជម្រុះជុំទី៣ នៃពូលC បន្ទាប់ពីឆ្លងកាត់ ៦ប្រកួតឈ្នះ១ និងចាញ់ ៥ រកបាន ៣ពិន្ទុប៉ុណ្ណោះ៕