(ម៉ាឌ្រីដ)៖ ការប្រកួតក្នុងទឹកដីនៃកីឡដ្ឋាន Estadio Santiago Bernabeu ក្លឹបយក្ស Real Madrid បានយកឈ្នះក្លឹប UD Melilla ក្នុងលទ្ធផលបច្ចេកទេស ១០-១ ដោយជើងទី១ យកឈ្នះក្រៅដី ៤-០ ក្នុងការប្រកួតក្របខណ្ឌពានរង្វាន់ លំដាប់ទី២ អេស្ប៉ាញ Copa Del Rey ស្របពេលក្រុមការពារជើងឯក FC Barcelona លេងឈ្នះក្លឹប Cultural Leonesa ៤-១ នារាត្រីថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨។

គិតត្រឹមការប្រកួតជើងទី២ របស់ Real Madrid រកបាន ៦គ្រាប់ ដោយកីឡាករឆ្នើម Marco Asensio នាទីទី៣៣ និងនាទី៣៥ គ្រាដែលកីឡាករវ័យក្មេង Javi Sanchez រកបានគ្រាប់ទី៣ នៅនាទីទី៣៩ និងកីឡាករខ្សែបម្រើឆ្នើម Isco រកបាន២គ្រាប់នៅនាទីទី៤៧ និង៨៣ និងកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicus Junior នៅនាទីទី៧៥ ខណៈ១គ្រាប់របស់ក្រុមភ្ញៀវ UD Melilla រកបានដោយកីឡាករ Yacine Qasmi នៅនាទីទី៨១ ដោយបាល់ពិន័យ ១១ម៉ែត្រ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹក Santiago Solari ក្លឹប Real Madrid អាចរកបាន ១០គ្រាប់ក្នុង ២ប្រកួតនៃក្របខណ្ឌ Copa Del Rey គ្រាដែលលោកបានដាក់ឲ្យកីឡាករវ័យក្មេងជាច្រើនបានបង្ហាញទម្រង់លេង សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicus Junior រកបាន ៤គ្រាប់ក្នុង ៥ប្រកួតរបស់គេ៕