(ភ្នំពេញ)៖​ កីឡាករ ម៉ាត់ នូរុណ ដែលត្រូវបានអ្នកគាំទ្រចាត់ទុកជា Messi របស់ក្លឹបអគ្គិសនីកម្ពុជា (EDC) បានផ្ទេរមកកាន់ក្លឹបកេតអែហ្វស៊ីហើយ។ នេះបើតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់បឹងកេត កាលពីម្សិលមិញ។

នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពី ម៉ាត់ នូរុណ បានទម្លាយមានក្លឹបធំៗជាច្រើន បានតាមចែចូវ ហើយខ្លួនបានសម្រេចមកចូលរួមក្លឹបបឹងកេតដូច្នេះ។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនធំ សុទ្ធតែបានសាទរ ចំពោះដំណើរមកកាន់អតីតក្រុមជើងឯក ៣សម័យកាលនេះ ហើយគេសង្ឃឹមថា នូរុណ នឹងមានអនាគតកាន់តែល្អប្រសើរ ក្នុងអាជីពបាល់ទាត់នាថ្ងៃអនាគតទៀតផង។

គួរបញ្ជាក់ថា ម៉ាត់ នូរុណ គឺជាកីឡាករវ័យក្មេង មានប្រភពចេញពីថ្នាលយុវជនក្លឹបភ្នំពេញក្រោន តាំងពីឆ្នាំ២០១៣-២០១៦ និងបានផ្ទេរទៅលេងក្លឹបអគ្គិសនីកម្ពុជា ២រដូវកាលចុងក្រោយ មុនប្ដូរទ្រនំថ្មី មកលេងឲ្យក្លឹបកេតពេលនេះ។ តែអ្វីដែលធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះល្បីល្បាញ មានអ្នកគាំទ្រ រហូតទទួលបានរហស្សនាមជា Messi ឬជា ចាន់ វឌ្ឍនាកា ទី២ របស់កម្ពុជា គឺអំឡុងពេលលេងឲ្យក្លឹបអគ្គិសនីកម្ពុជា ដោយគេបានបង្ហាញទម្រង់លេងយ៉ាងល្អ ទោះមិនអាចជួយក្លឹបទទួលបានជោគជ័យក៏ដោយ៕