(ភ្នំពេញ)៖ ដួង ម៉ានិច្ច ត្រូវបានមហាជនកត់សម្គាល់ឃើញថា មានសន្ទុះទីផ្សារសិល្បៈខ្លាំង ក្រោយពីបានចូលរួមសម្តែងក្នុងរឿង «ភ្លើង» ។ អ្វីដែលទស្សនិកជនធ្វើការកត់សម្គាល់នោះ គឺក្នុងភាពយន្តមួយនេះ នាងបានចូលរួមសម្តែងជាតួឯកជាមួយនឹង ប្រុសខួច យ៉ាងស័កុ្តសម បើទោះបីជាអ្នកទាំងពីរ ទើបតែប៉ះគ្នាឡើងដំបូងក្តី។ ដោយសារ ម៉ានិច្ច និង ប្រុសខួច ស័ក្តសមនឹងគ្នា បានធ្វើ​ឱ្យទស្សនិកជនមួយ​ចំនួននិយាយតៗគ្នាថា អ្នកទាំងពីរ ពិតជាស័ក្តសមនឹងគ្នាណាស់ បើនៅក្រៅឆាកស្រឡាញ់គ្នាមិនដឹងល្អយ៉ាងណាទេ។ បន្ទាប់ពីមានការលើកឡើងបែបនេះ ដួង ម៉ានិច្ច ផ្ទាល់បាននិយាយថា នាង និងប្រុសខួច គ្មានអ្វីលើសពីមិត្តភ័ក្តិនោះទេ កុំថាឡើងស្រឡាញ់ សូម្បីតែស្នេហាក៏នាងមិនទាន់មានដែរបច្ចុប្បន្ននេះ។

បន្ថែមពីនេះ ថ្លែងប្រាប់តាមរយៈទូរស័ព្ទ តារាសម្តែងស្រី ទឹកមុខសិចស៊ី ដួង ម៉ានិច្ច បាននិយាយថា នៅដើមឆ្នាំ២០១៩ នេះ នាងនឹងមានអ្វីថ្មី និងប្លែកសម្រាប់ទស្សនិកជន ដោយក្នុងនោះនាងមិនបានបង្ហើបអ្វីច្រើនទេ ព្រោះចង់ឱ្យទស្សនិកជនភ្ញាក់ផ្អើល គ្រាន់តែថា នឹងចូលរួមសម្តែងខ្សែភាពយន្តខ្នាតធំ ក្នុងស្ថានីយទូរទស្សន៍ធំមួយ នៅប្រទេសកម្ពុជា ដែលនឹងចេញថតនៅខែ កុម្ភះ ឆ្នាំ២០១៩ ខាងមុខនេះ។ នាងថារាល់ការសម្តែងមិនប្រកាន់ថា តួអង្គអ្វីនោះទេ គឺនាងពេញចិត្តនឹងសម្តែងជានិច្ច។

ជាមួយគ្នានេះ ដួង ម៉ានិច្ច បានសង្កត់ធ្ងន់ថា ចាប់តាំងពីថតរឿង «ភ្លើង» មកការងារសិល្បៈរបស់នាង ហាក់មមាញឹកខ្លាំងតែម្តង សឹងតែរកពេលសម្រាក់គ្មាន បើនិយាយឱ្យចំគឺ មានក្រុមហ៊ុននានាទាក់ទងមក ដើម្បីថតស្ពតពាណិជ្ជកម្ម ថតសំអាងការ ជាហូរហែរតែម្តង។ អ្វីដែលសំខាន់នាងថា មានផលិតករជាច្រើនទាក់ទងមកថតភាពយន្ត តែនាងថាក្នុងមួយឆ្នាំនាងទទួលថតតែពីរឿងប៉ុណ្ណោះ ខាងណាទាក់ទងមកមុនគឺបានមុន តែក្នុងនោះ នាងថាមុននឹងទទួលគឺមើលសាច់រឿងដែរ។

ជាចុងក្រោយ ដួង ម៉ានិច្ច បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ផលិតករនានា ដែលបានផ្តល់ឱកាសឱ្យនាងបានបញ្ចេញទេពកោសល្យសម្តែង ជាពិសេសដល់ទស្សនិកជន ដែលតែងតែគាំទ្រដូចជាតាមដានទស្សនាខ្សែភាពយន្តដែលនាងសម្តែង៕