(ភ្នំពេញ)៖ ទន្ទឹមនឹងការមានប្រជាប្រិយភាពខ្លាំង ត្រូវបានទស្សនិកជនគាំទ្រច្រើន តាមរយៈការបង្កើតវីដេអូខ្លីៗបង្កជាសំណើចដល់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈនោះ លោក អេឡិច ហ្សូរ៉ា ដែលជាដៃគូយ៉ាងស័ក្តសមជាមួយ កញ្ញា ឌី សូនីតា បានធ្វើឱ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់គ្រប់គ្នា ថាតើមូលហេតុអ្វីបានជាតារាប្រុសរូបនេះ បង្វែរមកបង្កើតឃ្លីបខ្លីៗផ្ទាល់ខ្លួនទៅវិញ? លោក អេឡិច ហ្សូរ៉ា នឹងចូលរួមជាតារាកិតិ្តយស ដើម្បីបកស្រាយចម្ងល់ទាំងនេះដល់ទស្សនិកជនបានជ្រាប់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ជាការកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ភាពល្បីល្បាញរបស់លោក អេឡិច ហ្សូរ៉ា កាន់តែមានជាបន្តបន្ទាប់ តាមរយៈវីដេអូខ្លីដែលលោកសម្តែងនោះ។ អ្វីដែលពិសេសរាល់វីដេអូ ដែលជាស្នាដៃសម្តែងរបស់លោក និង ឌី សូនីតា គឺសុទ្ធសឹងតែមានទស្សនិកជនច្រើនគាំទ្រ ព្រោះភាគច្រើននៃវីដេអូនោះមានលាយឡំជាមួយនឹងកំប្លែង ស្នេហាបែបយុវវ័យសម័យថ្មី ត្រូវចិត្តប្រិយមិត្តតែម្តង។
ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់នូវរឿងរ៉ាវសិល្បៈ និងរឿងឯកជនផ្ទាល់ខ្លួន លោក អេឡិច ហ្សូរ៉ា នឹងចូលខ្លូនមកបកស្រាយ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងដដែល៕