(ភ្នំពេញ)៖ តារាស្រីចង្កាស្រួច កញ្ញា មាន សូនីតា ថ្មីៗនេះបានផ្ទុះប្រតិកម្មលើក្រុមហ៊ុនដ៏ល្បីមួយ មានឈ្មោះថា រីម៉ូវា កម្ពុជា (RIMOWA Cambodia) ដែលបានបំពានលើកម្មសិទ្ធិបញ្ញា ឬសិទ្ធិឯកជនផ្ទាល់ខ្លួនរបស់នាង តាមរយៈការយករូបថត និងវីដេអូទៅបង្ហោះនៅលើផេកលក់ផលិតផល ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
បើតាមការបង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹករបស់ខ្លួន កញ្ញា មាន សូនីតា បានបញ្ចេញប្រតិកម្មព្រមានជាសាធារណៈថា ខំធ្វើការសន្សំលុយទៅទិញវ៉ាលីខ្លួនឯង ដល់ពេលគេយកប្រេនវ៉ាលីមកស្រុកខ្មែរ គេយករូបយើងទៅប្រើ Free ហើយផុសជាសាធារណៈ សំខាន់ sponsor ទៀត។ អញ្ចឹងដូចជាមិនយល់ ខ្ញុំគួរធ្វើមិចចំពោះផេកមួយនេះ?។
ជាមួយគ្នានេះដែរ អំឡុងពេល ២ម៉ោងមុននេះ តារាសម្តែងកញ្ញា មាន សូនីតា ក៏បានទម្លាយសារព្រមានជាថ្មីចំពោះក្រុមហ៊ុនរីម៉ូវា កម្ពុជា (RIMOWA Cambodia)ត្រូវចេញមុខដោះស្រាយ និងសូមទោសខ្លួនជាសាធារណៈ បើមិនដូចច្នេះទេអាចនឹងមានការសិក្សាតាមរយៈផ្លូវច្បាប់ ព្រោះថាក្រុមហ៊ុនមួយនេះបានបំពានលើសិទ្ធិរបស់នាង ហើយមិនតែប៉ុណ្ណោះថែមទាំងប្រើសម្តីហាក់មើលងាយមកលើខ្លួនជាតារាខ្មែរទៀតផង។
កញ្ញា មាន សូនីតា បានរៀបរាប់នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ខ្ញុំសូមជម្រាបដល់ក្រុមហ៊ុនប្រេនមួយដែលបានយកវីដេអូខ្ញុំ "មាន សូនីតា" ទៅផុសដោយគ្មានការអនុញ្ញាតិ ជាពិសេសមិនបានសុំកម្មសិទ្ធបញ្ញា។ ខ្ញុំនឹងបង្ហាញឈ្មោះក្រុមហ៊ុនទៅដល់សាធារណៈជនទាំងអស់អោយបានស្គាល់ ហើយជាពិសេសមិនថាបងៗជាជនជាតិផ្សេង ពិសេសគឺបានយល់ដឹងច្បាប់ពីកម្មសិទ្ធបញ្ញា ( copyright ) ហើយនៅតែបំពានលើច្បាប់ទៀត អញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាជួយគិតដល់ចំណុចនេះ គួរតែចាត់ការដោយរបៀបណា ? ។
តារាសម្តែងធ្មេញជំពើស មានមន្តស្នេហ៍ កញ្ញា មាន សូនីតា បន្ថែមទៀតថា ជូនចំពោះ អ្នកកាន់ផេកប្រេនដ៏ធំមួយនេះផង កុំគិតថាតារាខ្មែរល្ងង់ មិនហ៊ាននិយាយ ឬតវ៉ាអ្វីដែលជាភាពត្រឹមត្រូវនោះ ...។ សូមមេត្តាកុំឈ្លើយដាក់ខ្ញុំដែលជាតារាក្នុងស្រុក ខ្ញុំមានតម្លៃរបស់ខ្ញុំ អ្នកមិនអាចមើលងាយស្រួលៗនោះទេ ចុងក្រោយជូនដល់ក្រុមហ៊ុន នោះថាត្រូវផុសសូមទោស "មាន សូនីតា" ជាផ្លូវការក្នុងផេកផ្លូវការ ដូចបងយករូបភាពគេទៅប្រើអញ្ចឹង មិនមែនយកករណីផ្ទាល់ខ្លួនមក comment នោះទេ។
សូមបញ្ជាក់ថា ប្រតិកម្មរបស់សាមីខ្លួន កញ្ញា មាន សូនីតា ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រទះឃើញផេករបស់ក្រុមហ៊ុន រីម៉ូវា កម្ពុជា (RIMOWA Cambodia)បានយករូបភាព និងវីដេអូថតភ្ជាប់ជាមួយនឹងវ៉ាលីម៉ាកល្បីមួយ ទៅបង្ហោះទាញយកផលប្រយោជន៍របស់ខ្លួន ដោយគ្មានការសួរនាំ ឬសុំសិទ្ធិអនុញ្ញាតិពីសាមីខ្លួន (មាន សូនីតា) ជាសាធារណៈនៅលើបណ្តាញសង្គម៕