(ភ្នំពេញ)៖ ក្រោយពីមាន ព័ត៌មានជាច្រើន បានដាក់ការសង្ស័យ លើតារាចម្រៀង សួស វីហ្សា ជុំវិញទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយតារាប្រុសវ័យក្មេង លោក ថមមី បង្កការចាប់អារម្មណ៍ខ្លាំង ដល់មហាជន ប៉ុន្តែជាការឆ្លើយតបត្រូវបានកញ្ញា សួស វីហ្សា បានចេញបញ្ជាក់ថា ពុំមែនជាការពិត ដូចការលើកឡើងនោះឡើយ។ យ៉ាងណាមិញ ក្រោយពីព្យាយាម លាក់លៀម អស់ពេលយ៉ាងយូរហើយនោះ ស្រាប់តែ កញ្ញា សួស វីហ្សា បាន​ធ្វើ​ខួប​៤​ឆ្នាំ នៃ​ទំនាក់​ទំនង​ស្នេហ៍​រវាង ​អ្នក​ទាំងពីរ​ ពោល គឺនាង ជាមួយនឹង បុរសដែលជាគូស្នេហ៍ គឺលោក ថម មី យ៉ាង​ផ្អែម​ផ្ហែម ធ្វើឲ្យទស្សនិកជន អ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។

ជាការពិត រូបភាព​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​តារា​ចម្រៀង​​ស្រី​រូប​នេះ ​បង្ហោះ​ក្នុង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ពាក្យ​អរគុណ​ដល់​មនុស្ស​ម្នាក់​ដែល​កញ្ញា​បាន​ត្រឹម​បង្ហើប​ឈ្មោះ​ជា​អក្សរ​កាត់​ថា T ប៉ុណ្ណោះ។

ដោយ តារាចម្រៀង​រូប​ស្រស់​ កញ្ញា សួស វីហ្សា ​បាន​បង្ហោះ​សារ​ ដែលមាន​ពាក្យពេចន៍ និងអត្ថន័យយ៉ាងដូច្នេះ​ថា «Happy anniversary 4year ​អរគុណ​ T​ ដែល​តែងតែ​គោរពស្រលាញ់ និង​ផ្តល់​តំលៃ​ឱ្យ​ខ្ញុំ​រហូតមក​។ សំខាន់​ស្រលាញ់​គាត់​ត្រង់ ​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅក្បែរ មិន​ទៅ​ចោល មិន​រត់ចោល​ចឹ​ង ខ្ញុំ​គួរ​ដល់ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូចគ្នា អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំងសងខាងរួមទាំង​ក្រុម​រាំ និង​ម្ចាស់​ហាង ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វើកម្មវិធី​ឱ្យមួយ​ទំហឹង​យ៉ាង​សប្បាយ ​និង​ពេញ​ដោយ​អត្ថ​នន័យ ​ខ្ញុំ​មិនដឹង​ទេ​ថា​ខ្ញុំ​ធ្វើ​នេះ ខុស​រឺ​ត្រូវ​យ៉ាងណា​ចឹ​ង​មាន តែ សូម​អ​ធ្យា​ស្រ​យ័​ពី​បងប្អូន​ទាំង​ក្នុង ​និង​ក្រៅ FB​ (ហ្វេសប៊ុក) ផង​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា ខ្ញុំ​ចង់​ផ្តល់​តំលៃ​នៃ​ពាក្យ ថា​ស្រលាញ់​ឱ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ និង​ផ្តល់ឱ្យ​ខ្លួនឯង​ដោយ​លែង​លាក់លៀម​»​។​

គួរឲ្យដឹងផងដែរថា ទោះបីជា កញ្ញា សួស វីហ្សា មិន​បានបញ្ចេញ​ឈ្មោះ​ បុរស​ម្នាក់​ដែល​តែង​តែ​ស្រលាញ់ ផ្តល់​តម្លៃ​ឲ្យ​នាង​រហូត​មក​ចំៗ​ក្តី ក៏​អ្នក​គាំទ្រ​អាច ​ស្មានដឹង​ដែរថា បុរស​ម្នាក់​នោះ​គ្មាន​អ្នកណា​ក្រៅ​ពី តារាសម្តែងថ្ពាល់ខួច លោក ថមមី ឡើយ ព្រោះ​ឈ្មោះ​លោក ក៏​ផ្តើម​ដោយ​អក្ស T ហើយក៏ជាមនុស្សម្នាក់ដែលតែងតែ នៅជាមួយនាងគ្រប់ពេលដែរ៕