(ក្រុងឡុងដ៍)៖ ក្លឹបហង្សក្រហម Liverpool រកបាន ៣ពិន្ទុ ដោយបន្តកំណត់ត្រាប្រកួតមិនដែលចាញ់ ក្នុងចំណោម ៣ប្រកួតចុងក្រោយនៅក្នុង Premier League សប្តាហ៍ទី១៥ ដោយបានវាយបកឈ្នះម្ចាស់ផ្ទះ Burnley ៣-១ វិញខណៈក្រុមឈរនៅលេខរៀងទី៣ ក្នុងតារាងពិន្ទុ មាន់ខ្នាយមាស Tottenham Hotspur ក៏រកបាន ៣ពិន្ទុក្នុងទឹកដី នៃកីឡដ្ឋាន Wembley ក្រោយយកឈ្នះភ្ញៀវ Southampton ៣-១។

ការប្រកួតដែលបានធ្វើឡើងក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែធ្នូ ឆ្នាំ២០១៨ Burnley រកបាន ១គ្រាប់នាំមុខមុនដោយកីឡាករ Jack Cork នៅនាទីទី៥៤ តែក្រុមហង្សក្រហមបានបើការវាយបកតាមស្មើពីក្រោយដោយកីឡាករខ្សែបម្រើ James Milner នៅនាទីទី៦២ គ្រាដែលមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធ Roberto Firmino រកគ្រាប់នាំមុខវិញនាទីទី៦៩ និងកីឡាករខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri រកបានគ្រាប់ទី៣ នៅនាទីទី៩០។

នេះជាជ័យជម្នះលើកទី១២ របស់ Liverpool ក្រោយស្មើ ៣ប្រកួតដោយមាន ៣៩ពិន្ទុឈរលេខរៀងទី២ បណ្តោះអាសន្ន ខណៈ Spurs ឈរលេខរៀងទី៣ មាន៣៣ពិន្ទុ ឈ្នះ ១១ប្រកួត និងចាញ់ ៤ប្រកួត។

កីឡាករខ្សែប្រយុទ្ធ Harry Kane រកបាន១គ្រាប់នៅនាទីទី៩ ក្នុងតង់ទី១ និងមិត្តរួមក្រុម Lucas Moura រកបាននៅនាទីទី៥១ គ្រាដែលកីឡាករ Son Heung-min រកបានគ្រាប់ទី៣ នៅនាទីទី៥៥ ខណៈក្រុមភ្ញៀវរកបាន ១គ្រាប់តាមពីក្រោយដោយកីឡាករ Charlie Austin៕