(ភ្នំពេញ)៖​ ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកជាតិ ឆ្នាំ២០១៨ ដែលរៀបចំដោយសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា ក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីលានដំបូលទូក ក្នុងពហុកីឡដ្ឋានជាតិ។

ជើងឯកថ្នាក់ជាតិកីឡាប៉េតងឆ្នាំនេះ មានកីឡាករ-កីឡាការិនីជាង ៧០នាក់មកពី ២១ក្លឹប-សមាគមចូលរួម ដែលប្រកួតលើវិញ្ញាសាចំនួន ៣ រួមមានវិញ្ញាសា ៣-៣នាក់បុរសក្របខ័ណ្ឌក-១ មាន ៨ក្រុមចូលរួម ខណៈលទ្ធផលលេខ១ បានទៅក្លិបយោធភូមិភាគពិសេស ក្រោយយកឈ្នះសមាគមក្រសួងការពារជាតិ ១៣-២ពិន្ទុ។ រីឯលេខ៣ បានទីក្លឹបទីស្ដីការគណៈរដ្ឋមន្ដ្រី និងលេខ៤ បានទីលក្លឹបនាគរាជ។

វិញ្ញាសា ៣-៣នាក់បុរសក្របខ័ណ្ឌក-២ មាន ២៤ក្រុមចូលរួម ដោយលទ្ធផលលេខ១ បានទៅសមាគមក្រសួងមហាផ្ទៃ លេខ២ បានទៅក្លឹបនាគរាជ លេខ៣ បានទៅក្លឹបទីស្ដីការគណៈរដ្ឋមន្ដ្រី និងលេខ៤ បានទៅក្លឹបនាគរាជ។ វិញ្ញាសា ៣-៣នាក់នារីមាន ១២ក្រុមចូលរួម លទ្ធផលគឺក្លិបយោធភូមិភាគពិសេស បានជើងឯក ក្រោយយកឈ្នះក្រុមក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ១៣-៨ពិន្ទុ ខណៈលេខ៣ បានទៅក្លឹបទីស្ដីការគណៈរដ្ឋមន្ដ្រី និងលេខ៤ បានទៅក្លឹបក្រសួងការពារជាតិ។

ក្រោយចប់ការប្រកួតលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ធានកីឡា ដែលចូលរួមក្នុងពិធីបិទបានវាយតម្លៃខ្ពស់ ចំពោះការចូលរួម និងការប្រកួតប្រជែងប្រកបដោយក្រមសីលធម៌ គោរពបទបញ្ជាការប្រកួតបានត្រឹមត្រូវ ពីសំណាក់ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់។ តាមរយៈការចម្រាញ់បានជើងខ្លាំងប្រចាំឆ្នាំនេះ លោកសង្ឃឹមថា ប៉េតង់នឹងរក្សាបាននៅភាពខ្លាំងរបស់ខ្លួន ក្នុងការត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេលខាងមុខ ពិសេសគឺស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ខាងមុខតែម្ដង៕