(ភ្នំពេញ)៖ ក្លឹបបាល់ទាត់វិសាខា បានដាក់បង្ហាញនូវសមាជិកថ្មីចំនួន ៦រូបទៀត ដែលជាអតីតយុវជន ធ្លាប់ហ្វឹកហាត់ជាមួយក្រុម U16 នៃសាលាបាល់ទាត់ជាតិបាទី ដើម្បីបន្ដការហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពជាមួយក្រុមយុវជនរបស់ក្លឹប ដើម្បីឲ្យក្លាយជាកីឡាករអាជីព នាថ្ងៃអនាគត នេះបើតាមការចេញផ្សាយរបស់ក្លឹប នាថ្ងៃពុធ ទី៥ ខែធ្នូ ឆ្នាំ ២០១៨។

សម្រាប់សមាជិកថ្មីរបស់ក្រុមយុវជនយថ្មីនេះ រួមមានខ្សែបម្រើ សួង ដាវីត មកពីខេត្តតាកែវ, ខ្សែបម្រើ គី រីណា មកពីខេត្តបាត់ដំបង, ខ្សែការពារ ពៅ ចាន់ថេត មកពីខេត្តបន្ទាយមានជ័យ, ខ្សែការពារកណ្ដាល លីន តារាដេវិទ្យ មកពីខេត្តព្រះវិហារ, ខ្សែប្រយុទ្ធ ធី រ៉ាឈុន មកពីខេត្តកណ្ដាល និងអ្នកចាំទី គង់ ភ័ក្ដ្រា មកពីខេត្តតាកែវ ដោយក្នុងនោះមានកីឡាករ ៥នាក់ ទើបមានវ័យ ១៦ឆ្នាំ លើកលែងតែ ពៅ ចាន់ថេត មានវ័យ ១៧ឆ្នាំ។

ក្នុងការបន្ថែមកីឡាករក្រុម U17 ក្លឹបវិសាខា នេះដែរថ្នាក់ដឹកនាំក្លឹប បានផ្ដល់ការយកចិត្តទុកដាក់ខ្ពស់លើពួកគេ ដូចកីឡាករយុវជនផ្សេងៗដែរ ដូចជាការផ្ដល់នូវកន្លែងស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ ពិសេសគឺការផ្ដល់ឱកាសរៀនសូត្រពេញលេញ និងការផ្ដល់នូវសម្ភារៈផ្សេងៗជាដើម។

ជាចុងក្រោយ ក្លឹបវិសាខា បានសង្កត់ធ្ងន់ថា៖ ពួកគេនឹងក្លាយជាធនធាន និងជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកជួយក្លឹប និងបាល់ទាត់ជាតិ នាពេលអនាគត៕