(បាងកក)៖​ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2018 ហើយ ក្រោយវាយបកតាមស្មើក្រុមជម្រើសជាតិថៃ ២-២ ក្នុងជំនួបជើងទី២ ក្រៅដី នៅកីឡដ្ឋាន Rajamangala នាទីក្រុងបាងកក ប្រទេសថៃ នារាត្រីថ្ងៃទី០៥ ខែធ្នូនេះ ។

សម្រាប់ជំនួបជើងទី២ ក្រុមម្ចាស់ផ្ទះថៃ បាននាំមុខម៉ាឡេស៊ី ១គ្រាប់មុន នៅនាទី២១ ដែលបង្កកំហុសទាត់ចូលទីខ្លួនឯង (Own Goal) ដោយខ្សែការពាររបស់ម៉ាឡេស៊ី បន្ទាប់មកទើបកីឡាករ Muhammad Syahmi វាយបកតាមស្មើ ១-១​ នៅនាទី២៨ ។ ចូលតង់ទី២ ក្រុមដំរីសឹកថៃ បានធ្វើការនាំមុខជាថ្មី ដែលធ្វើបានសម្រេចដោយកីឡាករ Pansa Hemviboon នៅនាទី៦៣ តែ ៨នាទីក្រោយមក ក៏ត្រូវបានកីឡាករ Norshahrul Idlan ជួយឲ្យក្រុមម៉ាឡេស៊ី តាមស្មើ ២-២ ជាថ្មីនៅនាទី៧១។

បន្ទាប់ពីត្រូវក្រុមភ្ញៀវ វាយបកតាមស្មើបែបនេះ ថៃបានព្យាយាមវាយបកកាន់តែខ្លាំង នៅចុងម៉ោង រហូតទទួលបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី៩០+៤ បន្ទាប់ពីខ្សែបម្រើ-ការពាររបស់ម៉ាឡេស៊ី Muhammad Syahmi បង្កកំហុសយកដៃទះបាល់ក្នុងប្រអប់គ្រោះថ្នាក់ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហម ។ ការទាត់បាល់ពិន័យនេះ រ៉ាប់រងដោយ Adisak Kraisorn ដែលធ្វើឲ្យអ្នកគាំទ្រថៃ មានសង្ឃឹមស្ទើរ​ ៩៩% ក្នុងការឡើងវគ្គផ្ដាច់ព្រ័ត្រ តែជាអកុសល Adisak ធ្វើមិនបានសម្រេច បានត្រឹមជូនដំណើរម៉ាឡេស៊ី ឡើងវគ្គផ្ដាច់ព្រ័ត្រ ក្រោយបញ្ចប់ការប្រកួតពេញម៉ោងស្មើគ្នា ២-២ ។

គួរបញ្ជាក់ថា ម៉ាឡេស៊ី បានទទួលកៅអីវគ្គផ្ដាច់ព្រ័ត្រ ទាំងលទ្ធផលស្មើគ្នាដូច្នេះ ដោយសារការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើឡើង ២ជើង គិតលើគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងដី និងក្រៅដី ជាក់ស្ដែងកាលពីជើងទី១ ប្រកួតលើទឹកដីម៉ាឡេស៊ី ក្រុមទាំងពីរបានបញ្ចប់ការប្រកួត ៩០នាទីក្នុងលទ្ធផលស្មើគ្នា ០-០ តែដល់ប្រកួតជើងទី២ លើទឹកដីថៃ ម៉ាឡេស៊ី បានតាមស្មើ ២-២ ។ ដូច្នេះមានន័យថា ម៉ាឡេស៊ី បានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ រីឯ ១ក្រុមទៀត ត្រូវចាំអ៊ុត វៀតណាម ប្រកួតជើងទី២ ជាមួយហ្វីលីពីន នាល្ងាចថ្ងៃទី០៦ ខែធ្នូ លើទឹកដីវៀតណាមស្អែកនេះ ខណៈជើងទី១ វៀតណាមឈ្នះក្រៅដី ២-១ រួចមកហើយ៕