(ភ្នំពេញ)៖ ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប បានចាប់ផ្ដើមធ្វើតេស្ដកីឡាករដំណាក់កាលទី២ ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ហើយ បន្ទាប់ពីជម្រុះបានបេក្ខជនជាង ២០នាក់ពីការធ្វើតេស្ដដំណាក់កាលទី១ កាលពីពេលថ្មីៗ។

នេះគឺជាការធ្វើតេស្ដសមត្ថភាពកីឡាករលើកចុងក្រោយ ដើម្បីចម្រាញ់យកកីឡាករផ្លូវការសម្រាប់ត្រៀមឆ្នាំ២០១៩ ពោលគឺធ្វើតេស្ដទាំងកីឡាករចាស់ៗ និងបេក្ខជនជាប់ការធ្វើតេស្ដដំណាក់កាលទី១ ដោយក្លឹបគ្រោងជម្រុះទុកត្រឹម ២០នាក់ ទៅ ២២នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក សុក វាសនា។

លោក សុក វាសនា បានថ្លែងអំឡុងពេលធ្វើតេស្ដកីឡាករលើទីលាន V-Soccer កាលពីម្សិលមិញថា «ថ្ងៃនេះយើងធ្វើតេស្ដដំណាក់កាលទី២ ដោយកីឡាករចាស់ និងថ្មីមានគ្នាជាង ៣០នាក់។ កម្មវិធីធ្វើតេស្ដនេះមានរយៈពេល ៤ថ្ងៃ ដើម្បីជម្រុះយកកីឡាករប្រហែល ២០នាក់សម្រាប់ត្រៀមរដូវកាលថ្មី ក្នុងនោះយើងផ្ដោតលើកត្ដាសំខាន់ ៤យ៉ាង ទី១-កម្លាំង ទី២-បច្ចេកទេស ទី៣-កលល្បិច និង ទី៤-គឺចិត្តសាស្ដ្រ»

អតីតគ្រូបង្វឹកក្រុមយុវជនព្រះខ័នរាជស្វាយរៀងរូបនេះបន្ដថា «ការធ្វើតេស្ដនេះ ក្លឹបគ្រោងជ្រើសរើសប្រហែល ២០ទៅ ២២នាក់ ដើម្បីឲ្យស្របតាមខ្ទង់ចំណាយរបស់ក្លឹបសម្រាប់ត្រៀមរដូវកាលថ្មី។ អញ្ចឹងការធ្វើតេស្ដមិនថា កីឡាករចាស់ ឬថ្មីទេ ឲ្យតែគោរពតាមលក្ខខណ្ឌចង់បានរបស់ក្លឹប ពួកគេនឹងមានឱកាសចូលរួមជាមួយក្លឹបនារដូវកាលថ្មី ចឹងកីឡាករចាស់ៗ ក៏ត្រូវខំប្រឹង ដើម្បីប្រជែងជាមួយកីឡាករថ្មីៗដែរ»

ទន្ទឹមជាមួយគ្នា ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប ក៏បានណាត់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការប្រកួតមិត្តភាព និងដកស្រង់បច្ចេកទេស ដើម្បីពិនិត្យសមត្ថភាព ក៏ដូចជាការធ្វើតេស្ដសមត្ថភាពកីឡាករលើកចុងក្រោយនាថ្ងៃទី០៧ ខែធ្នូក្នុងសប្ដាហ៍នេះ នៅលើទីលាន 7NG ផងដែរ៕