(កូរ៉េ)៖ នៅក្នុងករណីមួយទៀតហើយដែលពេលនេះឪពុកម្តាយរបស់ Tiffany អតីតតារាចម្រៀងស្រី Girls' Generation កំពុងត្រូវបាន​ចោទប្រកាន់ពីបទបោកប្រាស់អ្នកឲ្យខ្ចីប្រាក់អស់រយៈពេលជាង១០ឆ្នាំមកហើយ។

នៅថ្ងៃនេះ លោក A បាននិយាយថា លោកគឺជាជនរងគ្រោះពីការបោកប្រាស់របស់ឪពុក Tiffany ដែលរស់នៅក្នុងទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន កាលពីឆ្នាំ២០០៧។ បុរសរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា "កាលពីមុន ខ្ញុំបានជឿទុកចិត្តគាត់ហើយ បានឲ្យប្រាក់គាត់ខ្ចី ប៉ុន្តែខ្ញុំមិនទទួលបានការសងត្រឡប់មកវិញទេ។ វាមានរយៈពេលជាង១០ឆ្នាំមកហើយពេលនេះ ខ្ញុំអាចនិយាយ។ ចុងក្រោយ ខ្ញុំអាចទាក់ទងគាត់នៅអំឡុងខែមេសា ឆ្នាំ២០១៨"។ A បន្តថា លោកព្យាយាមទាក់ទង ឪពុក Tiffany ជាច្រើនដងតែមិនជោគជ័យហើយរឿងនេះ Tiffany និងបងប្រុសរបស់នាងក៏បានដឹងដែរ។

គួរបញ្ជាក់ថា បុរសដែលចោទប្រកាន់ឪពុកតារា K-Pop ដ៏ល្បីនេះនិយាយថា ឪពុករបស់ Tiffany កំពុងតែគេចវេះប៉ុន្តែទោះបីជាយឺត ពេលបន្តិចតែលោកនឹងប្រកាសឲ្យគ្រប់គ្នាបានដឹង។ យើងរង់ចាំមើលថាតើអតីតសមាជិក Girls' Generation រូបនេះ នឹងប្រតិកម្មបែបណាចំពោះការចោទប្រកាន់៕