(ភ្នំពេញ)៖ កីឡាករ ទៀត គឹមហេង សមាជិកថ្មីរបស់ក្លឹបបាល់ទាត់វិសាខា ត្រូវសម្រាកពីការហ្វឹកហាត់រយៈពេល ២ខែ ទៀត បន្ទាប់ពីធ្វើការវះកាត់ដកដែកចេញពីដៃ ដែលធ្លាប់បាក់កាលពីខែឧសភាកន្លងទៅ។ នេះបើយោងតាមការជូនដំណឹងរបស់ក្លឹបកាលពីពេលថ្មីៗ។
សូមរំឭកថា ខ្សែបម្រើវ័យ ១៨ឆ្នាំនេះ បានរងរបួសបាក់ដៃខាងឆ្វេង កាលលេងឲ្យក្រុមសាលាបាល់ទាត់ជាតិបាទី ជាមួយខេត្តកោះកុង ក្នុងពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ កាលពីថ្ងៃទី១២ ខែឧសភា។ បន្ទាប់មកក៏ធ្វើការវះកាត់អបដែក រហូតដល់ចុងខែវិច្ឆិកាទើប គឹមហេង ត្រូវបានវះកាត់ដកដែកចេញពីដៃ។
បន្ទាប់ពីធ្វើការវះកាត់ដកដែករួច លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ទៀត គឹមហេង មិនអាចត្រឡប់ទៅហ្វឹកហាត់បានវិញភ្លាមទេ ត្រូវការពេលយ៉ាងហោចណាស់ ២ខែទៀត ដើម្បីសម្រាក និងធ្វើឲ្យឆ្អឹងដែលទើបដកដែកចេញ ហើយមានស្នាមប្រហោងវ៉ីសនោះ ដុះលូតលាស់ និងរឹងមាំឡើងវិញ ទើបអាចត្រឡប់ទៅហ្វឹកហាត់បានវិញ៕