(ភ្នំពេញ)៖​ សហព័ន្ធកីឡាចំបាប់កម្ពុជា បានអះអាងថា ខ្លួនកំពុងតវ៉ាស្នើហ្វីលីពីន ដើម្បីបញ្ចូលវិញ្ញាសាទម្ងន់ធ្ងន់ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នាឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់លោក Cassey Barnet អនុប្រធានសហព័ន្ធ។

លោកថា ស៊ីហ្គេម ២លើកចុងក្រោយ អត់មានកីឡាចំបាប់ទេ ព្រោះម្ចាស់ផ្ទះអត់ដាក់ក្នុងការប្រកួត គឺស៊ីហ្គេម ឆ្នាំ២០១៥ នៅសិង្ហបុរី និងស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី។ ដូច្នេះកីឡាករ-កីឡាការិនីរបស់ខ្លួន កំពុងពុះកញ្ជ្រោល ក្នុងការចូលរួមជាថ្មី បន្ទាប់ពីហ្វីលីពីន ដែលទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣០ បានសម្រេចដាក់បញ្ចូលកីឡានេះជាផ្លូវការ។

ប៉ុន្ដែដោយសារហ្វីលីពីន មិនបានដាក់ប្រភេទវិញ្ញាសាទម្ងន់ធ្ងន់ កម្ពុជាកំពុងស្នើរបញ្ចូលបន្ថែម ព្រោះនេះគឺជាវិញ្ញាសាដ៏មានសក្ដានុពលរបស់កម្ពុជា ដែលធ្លាប់ដណ្ដើមបានមេដាយមាស កាលពីស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា។ លោកថា «យើងនឹងតវ៉ាជាមួយហ្វីលីពីន ដើម្បីបន្ថែមទម្ងន់ធ្ងន់ ព្រោះទម្ងន់យើងមានសក្ដានុពល ជាក់ស្ដែងគ្រូបង្វឹករបស់យើងឈ្មោះ ឌន សៅ គាត់ធ្លាប់ឈ្នះមេដាយមាស កាលពីឆ្នាំ២០១៣ ចឹងឥលូវយើងកំពុងធ្វើការតវ៉ៃ ដើម្បីផ្ដល់ឱកាសឲ្យគាត់ចូលរួម ដណ្ដើមមេដាយមាសជូនជាតិទៀត»

សូមបញ្ជាក់ថា កីឡាចំបាប់ គឺជាកីឡាដល់មានឥទ្ធិពលជាងគេរបស់កម្ពុជា កាលពីស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដោយដណ្ដើមបានមេដាយមាស ៤, ប្រាក់ ១ និងសំរឹទ្ធ ៤។ តែយ៉ាងណាការត្រៀមបង្ហាញខ្លួនជាថ្មី ក្នុងស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន ដែលគ្រោងប្រកួតពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ នៅមិនទាន់បង្ហាញវិញ្ញាសាប្រកួតផ្លូវការនោះទេ ទោះបីម្ចាស់ផ្ទះ បានកំណត់ប្រភេទកីឡារួចហើយក្ដី ពោលគឺហ្វីលីពីន សុំពេលប្រកាសវិញ្ញាសាគ្រប់ប្រភេទកីឡា នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ៕