(ភ្នំពេញ)៖ កម្មវិធីដ៏ថ្មីមួយរបស់លោក ថៃ ប៊ុននាង ដែលមានឈ្មោះថា «ព្រឺព្រួច» កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីសំណាក់ទស្សនិកជនទូទៅ ទោះបង្កើតមិនទាន់បានមួយខែក្តី ព្រោះកម្មវិធីនេះ ធ្វើការថតនៅពាក់កណ្តាលយប់តែម្តង នៅទីតាំងព្រឺព្រួច ដែលអ្នកស្រុកជឿថា មានព្រលឹងខ្មោច ព្រាយ ជាដើម។ ទន្ទឹមគ្នានេះ ថ្លែងប្រាប់តាមរយៈទូរស័ព្ទ លោក ថៃ ប៊ុននាង បានប្រាប់ពីគោលបំណងនៃការបង្កើតកម្មវិធីនេះថា បង្កើតឡើង ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ ដឹងពីជំនឿអរូបិយរបស់ខ្មែរដូចជា ការបន់ស្រន់ និងពិធីសែនព្រេន ដែលមានទីតាំងពីដូនតាជំនាន់មុន។ ក្នុងនោះលោកថា នឹងមានគម្រោងចុះទៅថតនៅកន្លែងព្រឺព្រួចនានា គ្រប់២៥ខេត្តក្រុងតែម្តង។

ពាក់ព័ន្ធនឹងកម្មវិធីថ្មីនេះ លោក ថៃ ប៊ុននាង បានថ្លែងប្រាប់ ដោយមានខ្លឹមសារថា សម្រាប់តួសម្តែងគឺ មិនមានតារាល្បីៗចូលរួមនោះទេ ពោលគឺមានបងប្អូនកូនក្មួយ របស់លោកតែប៉ុណ្ណោះ។ ក្នុងនោះ ទស្សនិកជន ដែលទស្សនាតាមរយៈការ Live ផ្ទាល់តាមបណ្តាញសង្គម គឺបានមើលហើយ ពិតជាមានការខ្លាច និងព្រឺព្រួចយ៉ាងខ្លាំង ខណៈតួសម្តែងវិញ ក៏មិនខុសគ្នាពីទស្សនិកជនប៉ុន្មានដែរ គឺខ្លាច ស្ទើរតែពេលខ្លះចង់បោះបង់ការសម្តែងក៏មាន។ តែយ៉ាងណា ដោយសារតែសន្ទុះនៃការគាំទ្រ គឺមានច្រើន ទើបក្រុមសម្តែងរបស់លោក ថៃ ប៊ុននាង មានកម្លាំងចិត្ត ជំនះរាល់ការភ័យខ្លាច បន្តការសម្តែងតទៅទៀត។

លោកថា ទន្ទឹមគ្នា នឹងកម្មវិធី «ព្រឺព្រួច» របស់លោក ថៃ ប៊ុននាង បង្កើតមិនទាន់បានមួយខែស្រួលបួលផង គឺមានការចាប់អារម្មណ៍ពីសំណាក់តារាសម្តែងជាច្រើន រហូតដល់មានទស្សនិកជននៅក្រៅប្រទេសក៏មាន។ ក្នុងនោះ លោកថា នៅថ្ងៃខាងមុខ នឹងមានតារាល្បីៗចូលរួមសម្តែងក្នុងកម្មវិធីនេះ ព្រោះតារាភាគច្រើន ពេញចិត្តនឹងកម្មវិធីដ៏ថ្មីសន្លាងមួយនេះ ដោយសារមិនធ្លាប់មានពីមុនមកនៅកម្ពុជា។

ជាចុងក្រោយ ផលិតករវ័យក្មេង លោក ថៃ ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទស្សនិកជន ដែលបានគាំទ្រស្នាដៃរបស់លោក តាំងពីដើម រហូតមក ជាពិសេសគាំទ្រ នូវការផលិតវីដេអូរបស់លោកពេលនេះ។ លោកសន្យាថា នឹងព្យាយាមផលិតកម្មវិធីមួយនេះ ឱ្យល្អតទៅទៀត ដោយមានការចុះថតគ្រប់ទីតាំងព្រឺព្រួចទាំងអស់ ពេញ២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា៕