(ភ្នំពេញ)៖ តារាចម្រៀងស្រីជួរមុខ អ្នកនាង មាស សុខសោភា បច្ចុប្បន្ននៅតែទទួលបានប្រជាប្រិយភាពដដែល បើទោះបីជាតារាសម្លេងស្រទន់រូបនេះ បានប្រឡូកចូលសិល្បៈអស់រយៈពេលជាច្រើនឆ្នាំទៅហើយក្ដី ប៉ុន្តែគេសម្គាល់ឃើញ នាងនៅតែជាតារាស្រីមានភាពលេចធ្លោ។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួនតាមរយៈការស្លៀកពាក់បែបសម័យជំនាន់ទសវត្សទី៧០ ដោយត្រៀមបញ្ចេញនៅក្នុងបទចម្រៀង MV ថ្មីរបស់ខ្លួន។

តារាស្រី មាស សុខសោភា បានធ្វើម៉ូដសក់ ២ម៉ូដ គឺម៉ូដសក់ស្ពៃក្ដោប និងម៉ូដសក់មួយប្រភេទទៀត ជាម៉ូតសក់ដ៏ពេញនិយមនៅក្នុងទស្សវត្សទី៦០។ ការតុបតែងខ្លួនបែបនេះ គឺតារាស្រី មាស សុខសោភា ត្រៀមថតចម្រៀងមានចំណងជើងថា «ឧត្ដមដួងចិត្ត» ប៉ុន្តែមិនទាន់​បញ្ចេញចម្រៀងនៅឡើយទេ។

សូមជម្រាបថា ការធ្វើម៉ូដសក់ និងការផាត់មុខត្រូវបានធ្វើឡើងដោយរំដួលលិចទឹក ដែលត្រូវបានគេស្គាល់ថា ជាអ្នកផាត់មុខដ៏មានទេពកោសល្យម្នាក់ផងដែរ៕