(ភ្នំពេញ)៖ តារាសម្ដែងស្រី សាច់សខ្ចី ល្បីឈ្មោះ សម្រស់ស្រស់សោភា ទឹកមុខគួរឲ្យស្រឡាញ់ មានមន្តស្នេហ៍ មាន សូនីតា ដែលទស្សនិកជនភាគច្រើន បានស្គាល់ថាជា «រាជនីក្រមា» មួយដួងដែលមានភាពលេចធ្លោខ្លាំងជាមួយនឹងវិស័យសិល្បៈ ក៏នឹងកំពុងតែទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់។ ដោយឡែកទស្សនិកជនភាគច្រើនធ្លាប់តែឃើញតារា​សម្តែង​ មាន សូនីតា បង្ហាញខ្លួនជាមួយសម្លៀកបំពាក់ ដែលច្នៃចេញពីក្រមាជាញឹកញាប់ លើកនេះពិតជាប្លែកដោយនាងបាន​តែង​តួ​ ជា​នាយ​រោង ដែលជាតួសម្រាប់តំណាង​ឲ្យតួ​អង្គ​បុរស នៃ​របាំ​​ព្រះ​រាជ​ទ្រព្យ​ខ្មែរ ដែលនាងចង់បង្ហាញពីទឹកចិត្តស្រលាញ់សិល្បៈវប្បធម៌ខ្មែរ ពិតជាស្រស់ស្អាត។

អម​ជាមួយនឹងរូបភាព​ជាច្រើនសន្លឹកបង្ហោះនៅលើបណ្តាញសង្គម រាជិនីក្រមា មាន សូនីតា ថែមទាំងបានព្រលយ​ពាក្យ​ថា «សូម​អភ័យ​ផង​ ដល់សាស្រ្តាចារ្យ រៀម​ច្បង​សិល្បៈ​បុរាណទាំង​អស់​ផង បើ​សិន​កាយ​វិការរឹង​ច្រងេង​ច្រងាង មិន​ត្រូវ​ក្បាច់ ឬ​សម្លៀក​បំពាក់ត្រង់​ចំណុច​ណា​មួយនោះ ព្រោះ​ថា ​សូនីតា ​គ្មាន​ន័យ​ផ្សេង ​ក្រៅ​ពី​ចិត្ត​ស្រលាញ់ នឹង​ចង់​បង្ហាញ​ភាព​ស្រស់​ស្អាត​របស់​វប្បធម៌​ខ្មែរ​តែ​ប៉ុណ្ណោះ»

ជាមួយគ្នានេះ «រាជនីក្រមា» រូបនេះ បានបង្ហើបឲ្យដឹងថា ការ​តែង​ខ្លួន​ជា​តួអង្គ​សំខាន់​ផ្នែក​បុរស ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ​នេះ នាងនឹង​មានចេញ​ជាវីដេអូ ដែល​នឹង​ចេញ​ផ្សាយ​ក្នុង​ពេល​ឆាប់ៗ​ផងដែរ ។ ទស្សនិកជនជាច្រើនកំពុងតែទន្ទឹងរង់ចាំទស្សនាវីដេអូរបស់កញ្ញា មាន សូនីតា ថានឹងប្លែកក៏ដូចជាមានចំណុចពិសេសអ្វីខ្លះ នៅក្នុងវីដេអូនៃរបាំព្រះរាជទ្រព្យ ដែល មាន សូនីតា កំពុងនឹងចង់បង្ហាញពីភាព​ស្រស់​ស្អាត​របស់​វប្បធម៌ខ្មែរ​នោះ៕