(ក្រុងឌូប្លីន)៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស ត្រូវបានចាប់ផ្តើមប៉ះទឹកក្រូចហូឡង់ ស្របពេលព័រទុយហ្គាល់ ជួបស្វីស ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Nationals League ដែលនឹងចាប់ផ្តើមប្រកួត ក្នុងខែមិថុនា ឆ្នាំ២០១៩ ខាងមុខ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា អង់គ្លេស នឹងត្រូវប៉ះហូឡង់ក្នុងទឹកដីនៃប្រទេសព័រទុយហ្គាល់ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ក្រោយពេលក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ ត្រូវជួបស្វីស នៅកីឡដ្ឋាន Estadio do Dragao ដោយប្រកួតតែ១ជើងប៉ុណ្ណោះ មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

សូមបញ្ជាក់ផងដែរថា ក្រុមឈ្នះជើងឯក Nationals League នឹងទទួលបាន ៦.៧លានផោន ខណៈក្រុមជាប់់លេខ៤ នឹងទទួលបាន ៤លានផោន។

អង់គ្លេស បានឡើងដល់វគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 ខណៈព័រទុយហ្គាល់ និងស្វីសធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ និងហូឡង់ អវត្តមានដោយសារធ្លាក់ក្នុងវគ្គជម្រុះ៕