(ភ្នំពេញ)៖ ទន្ទឹមនឹងភាពជោគជ័យខ្លាំងក្នុងការផលិតវីដេអូខ្លីៗបែបកំប្លែង លាយឡំនឹងការអប់រំពីសំណាក់ លោក រតនៈ វិបុល បានធ្វើឱ្យទស្សនិកជនមិនតិចនោះទេ សើចសប្បាយ កំសាន្តអារម្មណ៍ រំសាយទុក្ខកង្វល់ ជាមួយនឹងឈុតឆាកដឹកនាំសម្តែងរបស់លោក។ បើទោះបីជាសមាជិកសម្តែង សុទ្ធសឹងតែមានវ័យក្មេងៗក៏ពិតមែន ប៉ុន្តែអ្នកដឹកនាំវ័យក្មេងលោក រតនៈ វិបុល សម្តែងនៅការសាទរយ៉ាងខ្លាំង នូវសមទ្ធិផល ដែលទទួលបាន។ ជាមួយគ្នានោះ លោកហាក់បីដូចជា មិនតក់ក្រហលនោះទេ ក្នុងការបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនទាក់ទងមកលោក ដើម្បីសហការរឿងបង្កើតផលិតកម្ម តែលោកមិន​​​​​ទាន់គិតពីរឿងនេះ ព្រោះបច្ចុប្បន្នមមាញឹកខ្លាំង ស្ទើររកពេលដកដង្ហើមគ្មាន។ ទោះយ៉ាងណាក្តី លោក រតនៈ វិបុល បានបង្ហាញពីគោលបំណងថា នាថ្ងៃអនាគត លោកនឹងបង្កើតផលិតកម្មផ្ទាល់ខ្លួនមួយ និងចង់ឱ្យក្មេងៗសមាជិកក្រុម មានអាជីពមួយច្បាស់លាស់។

ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីមានការសង្កេតឃើញថាក្រុម រតនៈ វិបុល ហាក់មានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនទូទៅ។ ទន្ទឹមនឹងចង់ឱ្យសមាជិកក្រុម មានអាជីពច្បាស់លាស់នាថ្ងៃអនាគតនោះ ទោះបច្ចុប្បន្នមានការខ្វះខាត់ក៏ពិតមែន តែលោក រតនៈ វិបុលផ្ទាល់ បានបង្ហាញពីជំហរថា នឹងព្យាយាមដឹកនាំសម្តែងឱ្យបានល្អ ទាំងខ្លឹមសារនៃសាច់រឿង បង្កប់នូវការអប់រំជាដើម ទោះវីដេអូទាំងនោះ ជាការផ្សព្វផ្សាយពាណិជ្ជកម្មក៏ដោយ។ លោកថា ការបង្ហាញនូវជំហរនេះ ព្រោះលោកមានការឈឺចាប់ខ្លាំង ពេលឮមហាជនមួយចំនួនថា រឿងខ្មែរមិនល្អមើល ដូចរឿងបរទេស ដោយហេតុនេះ ទើបលោកខិតខំដឹកនាំ បង្កើតវីដេអូខ្លីៗកំប្លែង មានការអប់រំ រហូតមានការជោគជ័យដល់សព្វថ្ងៃ។

ទាក់ទងនឹងការរកចំណូលប្រចាំខែ លោក រតនៈ វិបុល បានបង្ហើបថា យ៉ាងតិចរកបាន ២ម៉ឺនដុល្លារក្នុងមួយខែ ដោយចំណូលទាំងនោះ រកបានពីការដាក់ពាណិជ្ជកម្មពីបណ្តាក្រុមហ៊ុននានាផង ពីបណ្តាញ Youtube ផង។ ទោះចំណូលរកបានច្រើនបែបនេះក៏ពិតមែន តែលោកថា ដ៏ចំណាយច្រើនដែរ ព្រោះត្រូវផ្គត់ផ្គង់គ្រប់បែបយ៉ាងរបស់ក្មេងៗទាំងនោះ ដូចពាក្យថា «ទូកធំ ក្តោងធំ»។

គួរជម្រាប់ថា រាល់សមាជិកក្រុមដែលសម្តែង ក្នុងវីដេអូកំប្លែងរបស់លោក រតនៈ​ វិបុលទាំងអស់ ត្រូវបានលោកបញ្ជាក់ថា សុទ្ធសឹងតែជាកូនក្មួយលោកទាំងអស់តែម្តង ពោលគឺមិនមានអ្នកក្រៅទេ។ បច្ចុប្បន្នក្រុមនេះ មានសមាជិក ១០នាក់ រួមមាន៖ ឈ្មោះ នា ហៅនាងដុល្លា, ទី២ ឈ្មោះ វីរៈ ហៅតុង, ទី៣ ឈ្មោះ យ៉ា, ទី៤ ឈ្មោះ ចាន់រ៉ា ហៅតារ៉ែត, ទី៥ ឈ្មោះ សុផល, ទី៦ ឈ្មោះ ទី, ទី៧ ឈ្មោះ ឆ្លាម និងក្មេងៗប្រុសស្រី ដែលមានទេពកោសល្យចំនួន ៣នាក់ផ្សេងទៀត៕