(ភ្នំពេញ)៖ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បាននាំយកនូវថវិកាសប្បុរសធម៌ចំនួន ២០ម៉ឺនដុល្លារ ដែលទទួលបានពីការចូលរួមពីក្រុមហ៊ុនវិនិយោគចិន RSX Investment ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ក៏មានការចូលរួមពីលោកឧត្តមនីយ៍ សៅ សុខា អគ្គមេបញ្ជាការនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផងដែរ។

លោកឧកញ៉ា ឬទ្ធី សំណាង បានបញ្ជាក់ថា កម្មវិធីនេះកើតឡើងដោយសារមានការជំរុញពីលោកឧត្តមសេនីយ៍ សៅ សុខា និងការចូលរួមរបស់ក្រុមហ៊ុនវិនិយោគបរទេសខាងលើ ដើម្បីរួមចំណែកជួយដល់សង្គម និងកុមារកម្ពុជា។ លោកថា «បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា កំពុងខ្វះខាតក្នុងការចំណាយសម្រាប់ការព្យាបាលកុមារ អញ្ចឹងទើបយើងរួមគ្នានាំថវិកា ២០ម៉ឺនដុល្លារមកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាពេលនេះ។ យើងសង្ឃឹមថា នាឆ្នាំក្រោយ យើងនឹងខិតខំធ្វើអំពើមនុស្សធម៌នេះ ក្នុងសកម្មភាពបាល់ទាត់ផង ដើម្បីបន្ដស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាថែមទៀត»។

ប្រធានក្លឹបដ៏ជោគជ័យក្នុងលីគកំពូលកម្ពុជានេះបន្ដថា «ដោយមានឯកឧត្តម សៅ សុខា ជាប្រធានសហព័ន្ធ សព្វថ្ងៃនេះ យើងកំពុងរៀបចំសកម្មភាពបាល់ទាត់ឲ្យមានការរីកចម្រើន ហើយយើងនឹងគៀងគរវិនិយោគទុនទាំងអស់ ដើម្បីពង្រឹងវិស័យបាល់ទាត់នៅកម្ពុជា និងយកសកម្មភាពបាល់ទាត់ ផ្សាភ្ជាប់ជាមួយការងារសង្គម ដូចជាការងារបរិស្ថាន ការលុបបំបាត់គ្រឿងញៀន និងការផ្សព្វផ្សាយពីការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម ពិសេសចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងអង្គការមនុស្សធម៌ផ្សេងៗទៀតដែលមានការខ្វះខាតតែម្ដង»

គួរបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលលោកឧកញ៉ា ឬទ្ធី សំណាង បាននាំយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្ដែលោកបានប្ដេជ្ញា នឹងព្យាយាមស្វែងរកថវិការួមចំណែកជួយមន្ទីរពេទ្យគន្ធបុប្ផាជារៀងរាល់ឆ្នាំ ទោះបីតិចក្ដី ឬច្រើនក្ដី។ មិនតែប៉ុណ្ណោះ លោកឧកញ៉ា ក៏បានអំពាវនាវសប្បុរសជន និងអ្នកមានធនធានចូលរួមចំណែក ដើម្បីជួយដល់កុមារ តាមរយៈមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ព្រោះការព្យាបាលនៅទីនេះ មិនមានការយកថវិកានោះទេ។ ដូច្នេះពេទ្យគន្ធបុប្ផា ពិតជាត្រូវការជំនួយជាច្រើន ដើម្បីព្យាបាលកុមារនៅកម្ពុជា៕