(ភ្នំពេញ)៖ សៀង ចន្ធា ដែលទើបមានវ័យ១៦ឆ្នាំ ជាកីឡាករដែលក្មេងជាងគេ និងជាកីឡាករតែម្នាក់គត់ ដែលមកពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីក្នុងក្រុមជម្រើសជាតិ។ ចន្ថា បានអះអាងដោយក្តីសប្បាយចិត្ត ដែលបានចូលរួមហ្វឹកហាត់ជាមួយក្រុមធំជម្រើសជាតិកម្ពុជា នាពេលកន្លងមក ព្រោះជាបទពិសោធន៍ល្អដើម្បីអភិវឌ្ឍខ្លួន។

កីឡាករវ័យក្មេងរូបនេះបានរៀបរាប់បែបនេះថា «សប្បាយចិត្តពេលបានហ្វឹកហាត់ជាមួយក្រុមធំ ព្រោះបានបទពិសោធន៍ពីបងៗ ដោយពួកគាត់ប្រាប់បន្ថែម ក៏ជួយផ្ដល់កម្លាំងចិត្តដល់យើងថែមទៀត ព្រោះមកដល់ពេលហ្នឹងហើយ យើងត្រូវអភិវឌ្ឍខ្លួនបន្ថែមទៀត»

សមាជិកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីចាត់ទុកឱកាសដ៏ល្អខាងលើនេះ ជាកម្លាំងជំរុញទឹកចិត្តឲ្យរូបគេខិតខំប្រឹងប្រែងហ្វឹកហាត់ទេ្វដង ឈានទៅដល់ក្ដីស្រមៃរបស់ខ្លួនក្នុងក្រុមធំជម្រើសជាតិ។

គួរបញ្ជាក់ថា កីឡាករមានប្រភពមកពីខេត្តកោះកុង វ័យ១៦ឆ្នាំ ដែលកំពុងក្រសោបបានប្រជាប្រិយភាពខ្ពស់ក្នុងចង្កោមអ្នកស្នេហាបាល់ទាត់ជាតិ បានកើតក្នុងឆ្នាំ២០០២ ត្រូវបានជ្រើសរើសមកហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទីអស់រយៈពេល ៥ឆ្នាំមកហើយ និងអះអាងថាមានការរីកចម្រើនសមត្ថភាពច្រើន និងលេងដោយទំនុកចិត្តលើទីលាន។

អ្នកទាត់ចូលច្រើនជាងគេ ក្នុងពានរង្វាន់ AFF Championship U-15 ឆ្នាំ២០១៧ ត្រូវបានគ្រូបង្គោលក្រុមធំជម្រើសជាតិកម្ពុជា លោក Felix Gonzalez Dalmas ចាត់ទុកជាអនាគតកីឡាករដ៏ល្អមួយរូប។ ចន្ថា បានជាប់ក្នុងបញ្ជីបឋមត្រៀមពានរង្វាន់ AFF Championship ឆ្នាំ២០១៨ តែមិនឆ្លងចូលដល់វគ្គចែកពូលឡើយ៕