(កូរ៉េ)៖ ក្រុមតារាចម្រៀង BTS រកចំណូលបានដល់ទៅរាប់សិបលានដុល្លារ ពីការចេញសម្តែងក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍របស់ពួកគេ នៅជុំវិញពិភពលោក។

តាមការវិភាគរបស់ Yuanta Securities បានឲ្យដឹងថា BTS ត្រូវបានគេប៉ាន់ស្មានថា រកចំណូលបានប្រមាណ ៤៤.៩ប៊ីលានវ៉ុន (៤០លានដុល្លារ) ពីតន្ត្រីទេសចរណ៍របស់ពួកគេ។ តម្លៃសំបុត្រនៃការប្រគំតន្រ្តីរបស់ BTS ជាមធ្យមគឺ ១៣០ដុល្លារ ប៉ុន្តែមនុស្សភាគច្រើនទិញសំបុត្រហើយដាក់លក់បន្ត ដែលពួកគេអាចលក់បានក្នុងតម្លៃ ៣០០ដុល្លារឡើងទៅ។ ភាពជោគជ័យនៅអាមេរិកខាងជើង និងអឺរ៉ុប បាននាំយកនូវប្រាក់ចំណេញដ៏ច្រើនសម្រាប់ BTS ។ Park Sung Ho តំណាងក្រុមហ៊ុន Yuanta Securities និយាយថា វាពិតជាលំបាកសម្រាប់តារា K-Pop ក្នុងការទទួលបានភាពជោគជ័យនៅអាមេរិកខាងជើង ប៉ុន្តែនៅពេលដែលពួកគេទទួលបានសន្ទុះនៃការគាំទ្រខ្លាំង ប្រាក់ចំណូលនឹងងាយស្រួលស្វែងរកនៅទីនោះ។ កាលពីខែកញ្ញា BTS បានចាប់ផ្តើមចេញសម្តែងនៅអាមេរិកខាងជើងរហូតដល់ខែតុលា ពួកគេបានបន្តដំណើរទៅកាន់អឺរ៉ុប។

ថ្មីៗនេះ BTS ត្រៀមចេញសម្តែងនៅជប៉ុន ប៉ុន្តែគម្រោងនេះត្រូវផ្អាកដោយសារភាពចម្រូងចម្រាសលើអាវយឺតរបស់ Jimin តែទោះជាយ៉ាងណាក៏ពួកគេនឹងធ្វើដំណើរទៅកាន់សិង្ហបុរី ហុងកុង និងថៃ ដើម្បីជួបស្វាគមន៍អ្នកគាំទ្រនៅឆ្នាំក្រោយនេះផងដែរ៕