(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្លឹបក្រសួងការពារជាតិ បានបញ្ជាក់នូវដំណឹងអាក្រក់មួយ នាព្រឹកថ្ងៃទី០៣ ខែធ្នូនេះ បន្ទាប់ពីកីឡាករ ច្រឹង ពលរដ្ឋ ត្រូវបានក្លឹប Buriram United រុញឲ្យមកព្យាបាលរបួសនៅខ្មែរវិញ ក្រោយធ្វើដំណើរទៅចូលរួមជាមួយក្លឹប​កំពូលរបស់ថៃនេះកាលពីសប្ដាហ៍មុន។

ក្លឹបជើងឯកពានសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ដំណឹងអាក្រក់៖ បន្ទាប់ពីកីឡាករ ច្រឹង ពលរ័ត្ន បានទៅដល់ក្លឹប Buriram នាទឹកដីខេត្តបុរីរម្យ ប្រទេសថៃ នឹងទទួលបានការពិនិត្យរបួសជើងរបស់គាត់ពីសំណាក់គ្រូពេទ្យជំនាញរបស់ក្លឹបបានឲ្យឃើញថា របួសដាច់សរសៃពួរជង្គង់របស់ ពលរ័ត្ន នៅមិនទាន់ជាសះស្បើយ ១០០% ជាហេតុមិនអាចឲ្យគាត់ចូលរួមហ្វឹកហាត់ជាមួយក្លឹប Buriram បាននៅឡើយទេ»

គ្រូពេទ្យជំនាញរបស់ក្លឹប Buriram បានឲ្យកីឡាករ ច្រឹង ពលរ័ត្ន ត្រឡប់មកសំរាកព្យាបាលរយៈពេល ៣ខែ និងហ្វឹកហាត់ដោយខ្លួនឯងរហូតដល់ជាសះស្បើយ ១០០% សិន រួចខាងក្លឹប Buriram នឹងតាមដានបន្តទៀតថា តើគាត់អាចជាសះដូចដើមទាន់រដូវកាលថ្មីរបស់លីគកំពូលថៃរឺទេ? នេះពិតជាដំណឹងដ៏គួរឲ្យសោកស្តាយមួយសម្រាប់ក្លឹបទាំងពីរ និងកីឡាករ ពលរ័ត្ន ផ្ទាល់។ សង្ឃឹមថា គាត់នឹងអាចជាទាន់រដូវកាលថ្មីចាប់ផ្តើមទៅចុះ។ ក្លឹបបន្ថែម។

សូមរំឭកថា ច្រឹង ពលរដ្ឋ បានរងរបួសដាក់សរសៃពួរជង្គង់ជាង ១ឆ្នាំមកហើយ។ បន្ទាប់មកគេបានរងព្យុះភ្លៀងជាច្រើន ដោយសារខកខានបានចូលរួមហ្វឹកហាត់ជាមួយក្លឹបរហូតត្រូវបានថ្នាក់ដឹកនាំក្លឹបក្រសួងការពារជាតិ ចាត់ទុកជាក្មេងក្រៅស្រុកទៀត។ ប៉ុន្ដែក្រោយមក ទើបបែកធ្លាយព័ត៌មានគួរឲ្យភ្ជាក់ផ្អើលពីក្លឹប Buriram ដោយបានប្រកាសខ្ចីជើង ច្រឹង ពលរដ្ឋ ២រដូវកាលពីក្រសួងការពារជាតិ។ តែពេលនេះអនាគត ពលរដ្ឋ ក្នុងការឈានទៅប្រកបអាជីពក្រៅស្រុកលើកដំបូង កំពុងរង់ចាំអ៊ុតនៅឡើយ ដោយសារគេមិនទាន់ជាពីរបួស ១០០% នៅឡើយ៕