(ភ្នំពេញ)៖ បន្ទាប់ពីបាត់មុខពីវិស័យសិល្បៈអស់មួយរយៈពេល ពេលនេះតារាចម្រៀងលោក អាន គុណកូឡា បានបង្ហាញមុខសារជាថ្មី នៅក្នុងបទចម្រៀង មួយបទ ដែលមានចំណងជើងថា «Brother Sister» ដោយបានចាប់ដៃគូសម្ដែងជាមួយនឹងស្រីស្អាត ទេព កញ្ញា។ ការបង្ហាញមុខលើកនេះ ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ដោយសារតែតារាចម្រៀងសង្ហារូបនេះ ហាក់បីដូចជា មិនសូវបញ្ចេញចម្រៀងថ្មីៗដូចជាលើកមុនទៀតនោះទេ។

ជាការពិតណាស់ លោក អាន គុណកូឡា គឺជាតារចម្រៀងដែលធ្លាប់ទទួលបានប្រជាប្រិយភាព និង ការគាំទ្រ ពីសំណាក់ទស្សនិកជន ខណៈបទចម្រៀង ដែលបញ្ចេញមក តែងតែទទួលបានការចាប់អារម្មណ៍ពីមហាជន។ ជាក់ស្ដែង តាមរយៈបទ «Brother Sister» គេសម្គាល់ឃើញថា តារាស្រី កញ្ញា ទេព កញ្ញា ហាក់សម្ដែងសមជាមួយនឹងដៃគូ លោក អាន គុណកូឡា បើទោះជាបីអ្នកទាំងពីរ ប៉ះគ្នា នៅក្នុងបទចម្រៀងបែបនេះ ជាលើកទី១ ក៏ដោយ ប៉ុន្តែទស្សនិកជន នៅតែនិយាយថា បទមួយនេះពិតជាសម្ដែងស៊ីសង្វាក់គ្នាល្អណាស់។