(ភ្នំពេញ)៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដល់ក្លឹប សមាគម និងសាធារណជន ដែលស្នេហាវិស័យកីឡានេះឲ្យបានជ្រាបថា ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពន្លឿនអភិវឌ្ឍន៍កីឡាជាតិ ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងថ្នាក់ជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានទីតាំងនៅខេត្តកោះកុង។

នៅពេលនេះមាន១២ក្លឹប-សមាគម-ក្រសួងបានដាក់ពាក្យចូលរួមប្រកួតរួមមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្លឹប Giant អង្គការមិត្តសំឡាញ់ ក្រសួងធនធានមនុស្ស ក្លឹបឬទ្ធីសែន ក្លឹបត្រពាំងសាលា ក្លឹបទួលអំពិល ក្លឹបវាសនាមានជ័យ ក្លឹបទួលស្លែង ក្លឹបតាខ្មៅ និងក្លឹបភូមិឬស្សី។

សម្រាប់វិញ្ជាសាប្រកួតមាន៖
១៖ វិញ្ញាសា (Spring Triathlon) សម្រាប់បុរស មិនកំណត់អាយុ
-ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់គូក ២០គ.ម + រត់ប្រណាំង ៥ គ.ម

២៖ វិញ្ញាសា (Spring Triathlon) សម្រាប់បុរស-នារី អាយុក្រោម ១៨ឆ្នាំ U18
-ហែលទឹក ៧៥០ម៉ែត្រ + ជិះកង់គូក ២០គ.ម + រត់ប្រណាំង ៥ គ.ម

៣៖ វិញ្ញាសា (Duathlon) សម្រាប់បុរស-នារី មិនកំណត់អាយុ
-រត់ប្រណាំង ៥ គ.ម + ជិះកង់ដសត្រង់ ១០គ.ម + រត់ប្រណាំង ២.៥ គ.ម

៤៖ វិញ្ញាសា (Aquathlon) សម្រាប់បុរស-នារី អាយុក្រោម ១៥ឆ្នាំ
-ហែលទឹក ៣៥០ ម៉ែត្រ + រត់ប្រណាំង ២.៥ គ.ម

សូមបញ្ជាក់ថា សហព័ន្ធនឹងបើទទួលពាក្រ ចូលរួមប្រកួតពេលនេះតទៅរហូតដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការសហព័ន្ធ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ក្លឹប នឹងសមាគមត្រូវភ្ជាប់មកជាពាក្យស្នើសុំចូលរួមប្រកួត និងកិច្ចសន្យា ចំនួន ១ច្បាប់, បញ្ជីរាយមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ២ច្បាប់, ប្រវត្តិរូបបិទរូបថតថ្មី ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចំនួន ២ច្បាប់៕