(អាមេរិក)៖ Brad Pitt និង Angelina Jolie នៅតែបន្តរឿងក្តីក្តាំក្នុងតុលាការនៅឡើយ ជាពិសេសករណីសុំសិទ្ធិគ្រប់គ្រងកូន ដែលរឿងក្តីនេះជិតនឹងបញ្ចប់នៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះហើយ ប៉ុន្តែក្នុងនាមជាឪពុក Brad Pitt នៅតែចង់រក្សាទំនាក់ទំនងដ៏ល្អជាមួយកូនទាំង៦ ហើយលោកក៏មិនឲ្យថ្ងៃបុណ្យគ្រីស្តម៉ាសឆ្នាំនេះគ្មានន័យដែរ។

សម្រាប់ឱកាសវិស្សមកាលជិតមកដល់ Brad Pitt ពិតជាចង់ចំណាយពេលវេលាជាមួយ Maddox កូនប្រុសវ័យ១៧ឆ្នាំ Pax អាយុ១៤ឆ្នាំ Zahara អាយុ១៣ឆ្នាំ Shiloh អាយុ១២ឆ្នាំ និងកូនភ្លោះ Vivienne និង Knox អាយុ១០ឆ្នាំ ហើយលោកពិតជារំភើបចិត្តក្នុងការធ្វើរឿងនេះយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយភាពសប្បាយរីករាយសម្រាប់ក្តីសុខរបស់កូនៗ។ ដោយឡែក Angelina ក៏ចង់ចំណាយពេលវេលារបស់នាងជាមួយកូនៗដែរ ព្រោះចាប់តាំងពីបែកបាក់គ្រួសារ តារាហូលីវូតដ៏ល្បីរូបនេះតែងប្រើជីវិតជាម្តាយផងឪពុកផង ដើម្បមើលថែ និងគ្រប់គ្រងកូនទាំង៦ ឲ្យរស់នៅយ៉ាងសុខស្រួល។

មជ្ឈដ្ឋាននានាមើលឃើញថា ទោះបីជា Brad Pitt និង Angelina បានឆ្លងកាត់ការលែងលះយ៉ាងលំបាកក៏ដោយ ប៉ុន្តែគ្រប់គ្នាសប្បាយចិត្ត ពេលដែលសម្លឹងឃើញពួកគេទាំងពីរ នៅតែលះបង់គ្រប់យ៉ាងដើម្បីក្តីសុខរបស់កូន៕