(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ ពោលគឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា រឿន ណាត បានធ្វើការចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រឡងប្រកួតប្រជែងសម្រស់ និងទេពកោសល្យលំដាប់ថ្នាក់ពិភពលោក «បវរកញ្ញាចក្រវាល» ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ដោយមានបវរកញ្ញាជាច្រើនប្រទេស មកពីជុំវិញពិភពលោកអញ្ជើញចូលរួម។

ចំពោះការចាកចេញរបស់កញ្ញា រឿន ណាត ឆ្ពោះទៅកាន់កម្មវិធីប្រឡង «បវរកញ្ញាចក្រវាល» នៅក្នុងប្រទេសថៃ គេសង្កេតឃើញថាមានមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងយ៉ាងច្រើន បានទៅចូលរួមលើកទឹកចិត្ត ក៏ដូចជាជូនដំណើរផ្ទាល់ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលដែលនាងចាកចេញទៅ ដែលនេះបង្ហាញពីកម្លាំងចិត្តមួយយ៉ាងធំធេង ជូនដល់កញ្ញា រឿន ណាត ក្នុងការប្រឡង ដើម្បីយកជ័យជំនះមកជូនប្រទេសកម្ពុជាវិញផងដែរ។

ដោយឡែក ខណៈនេះ ផងដែរ កញ្ញា រឿន ណាត បានធ្វើដំណើរដល់ប្រទេសថៃដោយសុវត្ថិភាព ជាមួយគ្នានេះ កញ្ញា ក៏បានសំណូមពរដល់មហាជនឲ្យជួយគាំទ្រដល់រូបនាង ហើយនាងជឿជាក់ថា នាងនឹងអាចធ្វើបានល្អ និងយកជ័យជំនះត្រឡប់មកប្រទេសកម្ពុជាវិញ៕