(ភ្នំពេញ)៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកានៅសាលាដំបូលទូកនៃពហុកីឡដ្ឋានជាតិ ដោយក្លឹបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លឹបកីឡាចំបាប់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤គ្រឿងស្មើគ្នា។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានកីឡាករ-កីឡាការិនីសរុប ១១៩នាក់មកពី ៨ក្លឹបចូលរួម។ ប៉ុន្ដែសហព័ន្ធបានធ្វើការផ្លាស់ប្ដូរច្បាប់ និងបទបញ្ជាការប្រកួតមួយចំនួន ហើយក៏មានការបន្ថែមវិញ្ញាសាកីឡាចំបាប់សម័យផងដែរ ដែលធ្វើឲ្យការប្រកួតកាន់តែស្វិតស្វាញ និងទទួលបានលទ្ធផលកាន់តែល្អប្រសើរថែមទៀត។

ជាលទ្ធផលការប្រកួតជើងឯកឆ្នាំនេះ ក្លឹបកីឡាចំបាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៤គ្រឿង ក្នុងនោះផ្នែកចំបាប់បុរាណ ពួកគេដណ្ដើមបានមេដាយមាស ៤, ប្រាក់១ និងសំរឹទ្ធ១ និងផ្នែកចំបាប់សម័យ ដណ្ដើមបានមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ១ ខណៈក្លឹបក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៤គ្រឿង ដោយចំបាប់បុរាណ ពួកគេដណ្ដើមបានមេដាយមាស២ និងប្រាក់២ គ្រាដែលចំបាប់សម័យ ដណ្ដើមបានមេដាយមាស៤, ប្រាក់៣ និងសំរឹទ្ធ៣។

ទន្ទឹមជាមួយគ្នានោះ លោក Cassey Barnet អនុប្រធានសហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ដោយសហព័ន្ធពិតជាមានការភ្ញាក់ផ្អើល ចំពោះការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី ពិសេសថ្នាលវ័យក្មេង ដែលបង្ហាញនូវភាពរីកចម្រើន និងសបញ្ជាក់ឲ្យឃើញថា កម្ពុជាបានត្រៀមខ្លួនហើយជាស្រេច ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីនជាថ្មី នាឆ្នាំ២០១៩ ក៏ដូចជាដំណើរឆ្ពោះទៅត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ ផងដែរ៕