(ក្រុងអាយរេស)៖ ជំនួបវគ្គផ្តាច់ព្រ័ត្រជើងទី២ ដើម្បីដណ្តើមពានរង្វាន់ជើងឯកប្រចាំតំបន់អាមេរិកឡាទីន Copa Libertadores 2018 នឹងមិនត្រូវរៀបចំឡើងនៅទឹកដីអាហ្សង់ទីនឡើយ ដោយសារតែអ្នកគាំទ្របង្កហិង្សាខ្លាំងក្លាពេក។

យោងតាមសេចក្តីថ្លែងការណ៍ របស់សហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) CONMEBOL ដែលត្រូវ ដកស្រង់ដោយ BBC បានឲ្យដឹងថា «ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នៃពានរង្វាន់ Copa Libertadores 2018 រវាងក្រុម River Plate ទល់នឹង Boca Juniors នឹងមិនរៀបចំនៅទឹកដីអាហ្សង់ទីនឡើយ ដោយសារតែអ្នកគាំទ្រ ខណៈទីលាន ក៏ដូចជាកាលបរិច្ឆេទនឹងជូនដំណឹងនាពេលឆាប់ៗនេះ»

តាមគម្រោង ការប្រកួតជើងទី២ នៅទឹកដី Boca Juniors នឹងត្រូវធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន តែអ្នកគាំទ្រខាង River Plate បានបង្កហិង្សាដោយយកដុំថ្មគប់ឡានក្រុង Boca Juniors ឲ្យមានរបួសកីឡាករច្រើននាក់នៅមុនការប្រកួតចាប់ផ្តើម ក្នុងនោះក៏មានប្រធានក្រុម ដែលជាអតីតខ្សែប្រយុទ្ធក្លឹប Manchester City, Carlos Tevez មានរបួសផងដែរ។

យ៉ាងណាក៏ដោយ ជុំវិញការជ្រើសរើសទីលានប្រកួតរវាងក្រុមរបស់អាហ្សង់ទីនទាំងពីរ River Plate និង Boca Juniors ប្រទេសប៉ារ៉ាហ្គាយ ប្រេស៊ីល និងអ៊ីតាលី ក៏បានប្រកាសពីការផ្តល់ទីលាននេះដែរ ដែលនឹងអាចធ្វើឡើងនៅថ្ងៃ ទី៨ ឬថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨៕