(ប៉ារីស)៖ បញ្ជីឈ្មោះបេក្ខជនសម្រាប់ប្រជែងយកពានរង្វាន់ Globe Soccer Awards ត្រូវបានប្រកាសហើយដោយមាន Ronaldo, Mbappe និង Griezmann ដោយពុំមានឈ្មោះកីឡាករ Lionel Messi របស់ក្លឹប FC Barcelona នោះទេ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Marca នាដើមសប្តាហ៍នេះ ខណៈការប្រកាសផ្លូវការនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមករា ឆ្នាំ២០១៩ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

បេក្ខជនកំពូល ៣រូបដែលមានឈ្មោះក្នុងការប្រកួតប្រជែងដណ្ដើមយកពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំមានកីឡាករ Cristiano Ronaldo របស់ក្លឹបអ៊ីតាលី Juventus កីឡាករ Kylian Mbappe របស់ក្លឹបបារាំង PSG និងកីឡាករ Antoine Griezmann របស់ក្លឹបអេស្ប៉ាញ Atletico Madrid។

Mbappe ដែលជាខ្សែប្រយុទ្ធវ័យក្មេងបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់ World Cup 2018 ហើយក៏ បានបង្ហាញទម្រង់លេងល្អក្នុងក្លឹប PSG ហើយក៏ជាបេក្ខជនប្រជែងយកពាន Ballon d’Or នៅខែធ្នូផងដែរ។

Griezmann ក៏មានតួនាទីសំខាន់នៅក្នុងជ័យជម្នះរួមនៃ World Cup 2018 របស់ក្រុមជម្រើសជាតិបារាំង ដោយរកបាន ៤គ្រាប់នៅទឹកដីរុស្ស៊ី។ រូបគេក៏បានជួយ Atletico Madrid លើកពាន UEFA Europa League រដូវកាលឆ្នាំ២០១៧-២០១៨ ផងដែរ។

សម្រាប់ខ្សែប្រយុទ្ធឆ្នើម Ronaldo វិញ រូបគេនៅតែអាចរក្សាបានទម្រង់លេងល្អដដែល ដោយជួយឲ្យក្លឹប Real Madrid ឈ្នះ Champions League ៣រដូវកាលជាប់ៗគ្នា មុននឹងផ្ទេរទៅលេងឲ្យ Juventus កាលខែកក្កដា ឆ្នាំ២០១៨។

សូមបញ្ជាក់ផងដែរថា ពានរង្វាន់លក្ខណៈឯកត្តជន Gobe Soccer Award មានរយៈពេល ៩ឆ្នាំមកហើយ ក្រោមការ ឧបត្ថម្ភដោយសារព័ត៌មាន Marca របស់អេស្ប៉ាញ ដែលត្រូវបានរៀបចំឡើងដោយ Dubai Sports Council មានជារៀងរាល់ឆ្នាំ ដោយក្នុងនោះក៏មានពានសម្រាប់គ្រូបង្វឹកដឹកនាំល្អផ្តាច់គេ និងក្រុមលេខល្អបំផុតប្រចាំរដូវកាលទៀតផង៕