(ភ្នំពេញ)៖ នេះជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកសិល្បៈគ្រប់ស្រទាប់ និងទស្សនិកជនខ្មែរ ដែលធ្លាប់ទស្សនារឿង «តេជោយ៉ត» និងគាំទ្រតួអង្គឯកក្នុងរឿងនេះ គឺ «តេជោមាស» ដែលសម្តែងដោយ លោកព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត ខណៈបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យបានទទួលមរណភាពក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។
បើតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា «សពរបស់លោក ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត នឹងដង្ហែចេញពីគេហដ្ឋាន ក្បែរវិទ្យាល័យបាក់ទូក ទៅកាន់វត្តទឹកថ្លា នៅវេលាម៉ោង ០៣៖០០នាទី រសៀល នៅថ្ងៃទី១៦ ខែវិច្ឆិកា ២០១៨នេះ។ ដូច្នេះសម្រាប់បងប្អូនអ្នកសិល្បៈ អ្នកញាតិមិត្តជិតឆ្ងាយ ដែលបានជ្រាបនូវដំណឹងនេះហើយ សូមមេត្តាចូលរួមឲ្យបានច្រើន ដើម្បីជាការជូនដំណើរ លោកព្រឹទ្ធាចារ្យថ្ងៃចុងក្រោយ»។
សូមជម្រាបថា ជាមួយនឹងដំណឹងមរណភាព របស់លោកតា អ៊ុំ សាមិត្ត ពេលនេះ បានធ្វើឲ្យអ្នកសិល្បៈ និងទស្សនិកជនជាច្រើន សម្តែងនូវសោកស្តាយ និងក្រៀមក្រំជាទីបំផុត ព្រោះបាត់បង់សិល្បករជើងចាស់មួយរូប ដែលជានិមិត្តរូបសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ៕