(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង « បន្តោងឆ្នាំងដី » បានដាក់សម្ពោធ ជាផ្លូវការហើយ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ។ ក្នុងនោះម្ចាស់ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» អ្នកនាង ចន ច័ន្ទលក្ខិណា ផ្ទាល់បានសម្ដែងអារម្មណ៍រំភើប រហូតស្ទើរស្រក់ទឹកភ្នែក ខណៈដែលវណ្ណកម្មដំបូងរបស់ខ្លួន រឿង «បន្តោងឆ្នាំងដី» មានអ្នកគាំទ្រភ្លូកទឹកភ្លូកដី ដោយនៅថ្ងៃការបើកសម្ពោធរឿងនេះ គេសង្គេតឃើញ មានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់តារាសម្ដែង តារាចម្រៀង ផលិតករ មន្រ្តីក្រសួងវប្បធម៌, មន្រ្តីក្រសួងអប់រំ ព្រមទាំងទស្សនិកជនយ៉ាច្រើនកុះករ ជាហេតុធ្វើឲ្យម្ចាស់ផលិតកម្មរូបនេះ មានអារម្មណ៍រំភើប រកនិយាយអ្វីមិនត្រូវ។
អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងទាំងអារម្មណ៍រំភើប អរញាប់ញ័រ នៅក្នុងកម្មវិធី បើកសម្ពោធដាក់បញ្ចាំងជាផ្លូវការ ខ្សែភាពយន្តដំបូង របស់ខ្លួន រឿង «បន្តោងឆ្នាំងដី» ថា «ខ្ញុំមានក្ដីសោមនស្សរីករាយបំផុត ក៏ដូចជាសូមអរគុណដល់អ្នកចូលរួម ក៏ដូចជាអរគុណដល់ តារាសម្ដែង ផលិតករ អ្នកដឹកនាំ និងអ្នកដែលពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យខ្សែភាពយន្តរឿង «បន្ដោងឆ្នាំងដី» ដែលជាវណ្ណកម្មដំបូងរបស់ខ្ញុំ បានលេចចេញជារូបរាងឡើង ហើយធ្វើឲ្យមានការគាំទ្រ យ៉ាងច្រើនពីសំណាក់ទស្សនិកជន ជាពិសេស គឺការចូលរួមលើកស្ទួយ វិស័យភាពយន្តខ្មែរយើងទាំងអស់គ្នា»។
អ្នកនាង ចន ច័ន្ទលក្ខិណា បានថ្លែងបន្តថា «ភាពយន្តរឿង បន្តោងឆ្នាំងដី គឺជាការដឹកនាំសម្ដែងដោយនាយ ពែកមី និងលោក សុខ ជំនោរ ហើយត្រូវបានសម្រិតសម្រាំងឡើង យ៉ាងយកចិត្តទុកដាក់ដើម្បីឲ្យមានគុនភាពល្អ ស្រប់តាមស្ដងដាភាពយន្ត ដែលអាចធ្វើឲ្យអ្នកគាំទ្រទទួលយកបាន។ ការបង្ហាញឲ្យឃើញពីការចូលរួម យ៉ាងសស្រាកសស្រាំនៅពេលនេះ គឺជាការបង្ហាញឲ្យឃើញពីការគាំទ្រ និងចូលរួមលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែមានភាពរីកចម្រើនខ្លាំងមួយកម្រិតទៀត ហើយក៏ជាកម្លាំងចិត្តមួយយ៉ាងធំធេង ដល់ផលិតករទាំងអស់ ដើម្បីបន្តផលិតរឿង ដាក់បញ្ចាំងនៅលើទិផ្សារ»។
គួរបញ្ជាក់ថា រឿង «បន្តោងឆ្នាំងដី» ជាភាពយន្តបែបអបិយជំនឿ បង្កប់ទៅដោយអត្ថន័យអប់រំ លាយឡំជាមួយឈុតឆាកកំប្លែងជាច្រើន។ ដោយឡែក រឿង «បន្តោងឆ្នាំដី» មានការចូលរួមសម្ដែងដោយ នាយ កុយ,នាយ ពែកមី, ហេង ចន្ថា, វីជេអាឡាស្កូ, ងួន សុបិន, បែន ចំរ៉ុង, កីឡាករប្រដាល់ វ៉ន វីវ៉ា ព្រមទាំងតារាសម្ដែងស្រីប្រុសល្បីឈ្មោះជាច្រើនរូបទៀត ដោយត្រៀមនឹងដាក់បញ្ចាំង គ្រប់រោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ២០១៨ នេះហើយ៕