(ភ្នំពេញ)៖ រហូតមកទល់នឹងពេលនេះ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ហាក់កាត់ចិត្តមិនទាន់បាន ពីការបាត់បង់លោកយាយជាទីស្រឡាញ់របស់ខ្លួននៅឡើយទេ ព្រោះរូបគេ បានរស់នៅជាមួយលោកយាយ តាំងពីតូចក្រូចឆ្មាមកម្ល៉េះ ដោយសារតែឪពុកម្តាយទៅរកស៊ីនៅស្រុកគេ។ យ៉ាងណាមិញ ដើម្បីជាការរំឭកដល់លោកយាយ ដែលទើបនឹងចែកឋានទៅ ពេជ្រ ថៃ បានបង្ហើរសំនៀងតាមរយៈបទចម្រៀងថ្មីមួយបទ មានចំណងជើងថា «គុណលោកយាយ» ដែលបទនេះ បានបង្ហាញពីអារម្មណ៍សោកសៅរបស់ខ្លួន ធ្វើឲ្យមហាជនក្ដុកក្ដួលចិត្តស្ទើរគ្រប់គ្នា។
ជាមួយនឹងបទថ្មី បកស្រាយដោយ ពេជ្រ ថៃ មានចំណងជើងថា «គុណលោកយាយ» នេះមានខ្លឹមសារ រំឭកដល់គុណលោកយាយ ដែលធ្លាប់តែហៅថា «ម៉ែចាស់»។ អ្វីដែលពិសេស ក្នុងការបង្ហើរសំនៀងយ៉ាងពីរោះរណ្តំ រួមផ្សំជាមួយនឹងការដាក់បញ្ចូល មនោសញ្ចេតនាក្នុងបទចម្រៀង ហាក់បង្ហាញពីក្តីនឹករឭកដល់ លោកយាយដែល ទើបនឹងចែកឋានទៅនេះ បានធ្វើឲ្យទស្សនិកជនដែលបានស្តាប់ហើយ មានចិត្តអាណិត ពេជ្រ ថៃ ជាខ្លាំង រហូតមានទស្សនិកជនមួយចំនួន ស្ទើរស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនទៀតផង។ ក្នុងបទចម្រៀងនេះ បានបង្ហាញពីជីវិត របស់តារាវ័យក្មេង ពេជ្រ ថៃ ដែលឃ្លាតឆ្ងាយពីឪពុកម្តាយ តាំងពីតូចមកម្ល៉េះ និងរស់នៅជាមួយលោកយាយរហូត មិនដែលហៅឈ្មោះ ម៉ែពុកដូចក្មេងឯទៀតនោះទេ។
ក្នុងហ្វេសប៊ុករបស់ ពេជ្រ ថៃ បានសរសេរសារភ្ជាប់ ជាមួយបទចម្រៀងនេះ យ៉ាងដូច្នេះថា «រីករាយស្ដាប់ទាំងអស់គ្នា បងប្អូនអ៊ុពូមីងយាយតា អរគុណសម្រាប់ការស្រឡាញ់ និងគាំទ្រចំពោះអូន ចម្រៀងមួយបទនេះដែរ ចៅសូមជូនទៅដល់លោកយាយជាពិសេស»៕