(ភ្នំពេញ)៖ កញ្ញាឯកកម្ពុជាជាច្រើនដួង បានធ្វើដំណើរទស្សនកិច្ច ទៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដើម្បីចែករំលែកបទពិសោធរបស់ពួកគេ ដល់យុវតីជំនាន់ក្រោយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ លោក ម៉ែន និមលរតន៍ ដែលជាអ្នកទទួលបន្ទុកកម្មវិធីនេះ បានឲ្យដឹងថា នេះគឺជាលើកទី៦ហើយ ដែលកម្មវិធី «University Tour» បានធ្វើឡើង ខណៈលើកមុនៗ ធ្លាប់បានធ្វើនៅតាមសាលកវិទ្យាល័យនានា នៅរាជធានីភ្នំពេញ។
កម្មវិធី «University Tour» ដែលធ្វើនៅសាកលវិទ្យាល័ជាតិគ្រប់គ្រងនៅថ្ងៃនេះ មានការចូលរួមដោយបវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ ដែលពួកគេបានធ្វើបទបង្ហាញទៅកាន់និសិ្សត ទាក់ទងនឹងបទពិសោធ ការប្រឡងក្នុងកម្មវិធីបវរកញ្ញឯកកម្ពុជា នឹងការត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិជាដើម។ លោក ម៉ែន និមលរតន៍ ថ្លែងប្រាប់ពីគោលបំណងនៃកម្មវិធីនេះ យ៉ាងដូច្នេះថា «តាមរយៈការចែករំឡែកបទពិសោធនេះដែរ បវរកញ្ញាឯកកម្ពុជា ឆ្នាំ២០១៧ បានធ្វើបទបង្ហាញពីកាន់និសិ្សតផ្សេងគ្នា ក្នុងនោះ មានដូចជា បទពិសោធនៃការ អភិវឌ្ឍបុគ្គិលលក្ខណៈ, សារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងទេសចរណ៍, ការតុបតែងខ្លួន និងការបង្ហាញម៉ូតជាដើម។ អ្វីដែលពិសេសកម្មវិធីនេះ មានការលេងហ្គេម ដើម្បីបង្កភាពសប្បាយរីករាយ និងបង្កើនភាពស្និត្ធស្នាលរវាងនិសិ្សត និងបវរកញ្ញាទៀតផង»។
លោក ម៉ែន និមលរតន៍ បានសង្កត់ធ្ងន់ថា «កម្មវិធីទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនេះ គឺចូលរួមដោយបវរកញ្ញាឯក កម្ពុជាឆ្នាំ២០១៧ ដោយក្រៅពីគោលបំណងខាងលើ គឺមានការលើកទឹកចិត្តនិសិ្សត នៅប្រទេសកម្ពុជា ឲ្យចូលរួមដាក់ពាក្យប្រកួតក្នុងកម្មវិធី «កញ្ញាឯកកម្ពុជា ឆ្នាំ២០១៨» ខណៈកញ្ញាឯកកម្ពុជាមិនត្រឹមតែសំដៅលើរូបសម្បត្តិ សម្រស់ប៉ុណ្ណោះទេ ពោលគឺត្រូវមានចំណេះដឹងទូទៅ ទូលំទូលាយផងដែរ»។
ទោះយ៉ាងណា លោកមិនភ្លេចនោះទេ ក្នុងការសំណូមពរឲ្យបងប្អូនប្រជាជនខ្មែរ ចូលរួមគាំទ្របវរកញ្ញាឯកកម្ពុជា កញ្ញា រឿង ស៊ីណាត ទាំងអស់គ្នា ដែលនាងនឹងតំណាងកម្ពុជា ចូលរួមប្រកួតក្នុងកម្មវិធី «Miss Universes» នៅប្រទេសថៃ ខណៈឈុតតំណាងជាតិ សម្លៀកបំពាក់នានា ការហ្វឹកហាត់សមត្ថភាព និងការតុបតែងខ្លួន គឺបានត្រៀមរួចរាល់អស់ហើយ។ ក្នុងនោះ ឈុតតំណាង គឺមានឈ្មោះថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ»៕