(ភ្នំពេញ)៖ បើទោះជាអ្នកនាង គឹម លីហ្សា កំពុងរស់នៅប្រទេសអូស្រ្តាលីក្ដី ប៉ុន្តែយោងតាមការបង្ហោះ​លើគណនេយ្យផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែង រូបនេះ ឲ្យដឹងថា អ្នកនាងនឹងបោះទុន បើកជំនួញនៅកម្ពុជា ជាមួយនឹងប្អូនស្រីបង្កើតរបស់ខ្លួន ដែលត្រូវគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន «អែននីយ៉ា ខសមេធីក ត្រេឌីង» ដោយនឹងនាំចូលផលិតផលថែរក្សាសម្រស់ផ្ដាច់មុខមកពីប្រទេសថៃ ដើម្បីប្រកាសដាក់លក់នៅលើអនឡាញ។ គេនៅមិនទាន់ដឹងថា អ្នកនាងបានចំណាយដើមទុនជាចំណែករបស់ខ្លួនប៉ុន្មាននោះទេ តែក្រៅពីប្រកាសលក់ជាលក្ខណៈរាយរង អ្នកនាងក៏នឹងពង្រីកទីផ្សារបោះដុំនាំចូលផលិតផលមកពីប្រទេសថៃនេះ ផងដែរ។

អ្នកនាង គឹម លីហ្សា បានថ្លែងបញ្ជាក់ប្រាប់តាមសារអេឡិចត្រូនិតថា អ្នកនាងពិតជាបានបោះទុនជាមួយប្អូនស្រី​នាំចូលផ្ដាច់មុខផលិតផលម៉ាក Jesse ដែលល្បីល្បាញនៅក្នុងប្រទេសថៃ ដើម្បីនាំចូលផលិតផលឡេខាត់ស្បែក និងថ្នាំខាត់ស្បែក ដោយអ្នកនាងក៏នឹងគម្រោងនាំចូលផលិតផលជាច្រើនមុខទៀត ដែលផលិតផលទាំងនោះមុន​នឹងឈានកុងត្រានាំចូលគឺមានការត្រួតពិនិត្យ និងទទួលស្គាល់ពីក្រសួងសុខាភិបាលទាំងនៅកម្ពុជា និងថៃច្បាស់លាស់។

អ្នកនាងថាក្រុមហ៊ុន អែននីយ៉ា ខសមេធីក ត្រេឌីង នាំចូលផលិតផលថែរក្សាច្រើនមុខ និងមានទីផ្សារជាយូរមកហើយ ហើយដោយសារតែនាងមើលឃើញពីសក្កានុពលរបស់ក្រុមនេះ និងកត់សម្គាល់ឃើញថាទីផ្សារនាំចូលផលិតផលមកពីប្រទេសថៃ សម្រាប់គ្រឿងថែរក្សាសម្រស់ទទួលបានការចាប់អារម្មណ៍ខ្ពស់ ទើបសម្រេចបោះទុនដោយសម្អាងលើប្អូនស្រី ដើម្បីអោយនាំចូលផលិតផលម៉ាកល្បីយីហោ Jesse មកពីប្រទេសថៃ អោយចរាចរណ៍ក្នុងក្រុមហ៊ុននេះបន្ថែម។

អ្នកនាង គឹម លីហ្សា បន្តថា ផលិតទាំងនេះគឺជាការដាក់ទុនបើកឆាករបស់ខ្លួនក្រោយពេលទៅរស់នៅប្រទេសអូស្រ្តាលី ដោយអ្នកនាងក៏ចំណាយពេល Live លក់ក្នុងពេលបន្តបន្ទាប់ ដើម្បីពង្រីកយីហោផលិតផលដែលនាំចូលនោះផងដែរ ក្រៅពីចុះមកថតបប្រូម៉ូដ នៅពេលផលិតផលគ្រប់មុខមកដល់កម្ពុជាទាំងស្រុង។ ផលិតផលដែលខ្លួននាំចូលមិនមែនមានតែពីរបីមុខនោះទេ ប៉ុន្តែមកពីផលិតផលខ្លះស្ថិតក្នុងការកុម្ម៉ង់ និងមិនទាន់មកដល់ប្រទេសកម្ពុជានៅឡើយ ទើបអ្នកនាងមិនសម្រេចចិត្តចុះមកថត៕