(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូប យកទៅប្រកួតប្រជែង សម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរ ពីសំណាក់មហាជន ចំពោះសម្រស់យុវតីជំនាន់ថ្មី ក្នុងនោះដោយកញ្ញាឯកកម្ពុជា ២០១៧ គឺកញ្ញា រឿន ស៊ីណាត វ័យ២១ឆ្នាំ ដែលនឹងត្រូវធ្វើជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៨ នៅប្រទេសថៃ។ យ៉ាងណាមិញ នៅក្នុងថ្ងៃនេះហ្វេសប៊ុកផ្លូវការ របស់ កញ្ញា រឿន ស៊ីណាត បានបង្ហោះវីដេអូ ដែលបង្ហាញ នូវការគ្រងឈុត សម្លៀកបំពាក់តំណាងជាតិ នៃបវរកញ្ញាចក្រវាលកម្ពុជា សម្រាប់ព្រឹត្តិការណ៍ ប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិឡើង នៅទីក្រុងបាងកក ប្រទេសថៃ នាពេលខាងមុខនេះ ពិតជាស្រស់ស្អាតមិនធម្មតា។
ជាការពិត ឈុតតំណាងជាតិខ្មែរ ដែលនឹងត្រៀមយកទៅ ចូលរួមប្រកួតក្នុងកម្មវិធី បវរកញ្ញាចក្រវាល ២០១៨ មានឈ្មោះថា «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ឬ «កម្ពុជា Kingdom of Wonder» ត្រូវបានគ្រងជាលើកដំបូង ដោយបេក្ខភាពបវរកញ្ញាចក្រវាល តំណាងឲ្យប្រទេសកម្ពុជា កញ្ញា រឿន ស៊ីណាត ដោយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើន គួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ បើគិតត្រឹមពេលនេះ វីដេអូបង្ហាញ ពីឈុតបវរកញ្ញាចក្រវាលនេះ មានការចែករំលែក រហូតដល់ទៅជាង១ពាន់ដងទៅហើយ ដែលឈុតនេះ ត្រូវបានបង្ហោះចេញពីគណនី Facebook ផ្ទាល់ របស់កញ្ញា រឿន ស៊ីណាត តែម្ដង។
គួរបញ្ជាក់ ថា ឈុតនេះត្រូវបានសម្រិតសម្រាំង និងរចនាឡើង អស់រយៈពេលដល់ទៅជាង២ខែ ដោយបានផ្សារភ្ជាប់នូវ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ និងប្រវត្តិសាស្រ្តបុរាណរបស់ខ្មែរយ៉ាងស្រស់ត្រកាល។ មួយវិញទៀត ឈុត «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ» ឬ «កម្ពុជា Kingdom of Wonder» មួយនេះ ត្រូវបានចំណាយថវិកាដល់ទៅជាង ៣ពាន់ដុល្លារឯណោះ ក្នុងការផលិតឡើង៕