(ភ្នំពេញ)៖ ខណៈទទួលបានជយជំនះក្នុងការប្រកួតចម្រៀង «The Voice Kids Cambodia» រដូវកាលទី២ កុមារា ទេព ពិសិដ្ឋ ដែលជាម្ចាស់ពានរង្វាន់ និងជាកូនក្រុមរបស់ ឱក សុគន្ធកញ្ញា ហាក់ទទួលបានប្រជាប្រិយភាពទ្វេដង ក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ ក្រោយទទួលជយលាភីហើយនោះ នៅពីថ្ងៃទី ១៣ ខែវិច្ឆិកា កន្លងទៅ ទេព ពិសិដ្ឋ បានចូលរួមធ្វើបទសម្ភាសន៍ នៅក្នុងកម្មវិធីព័ត៌មានពេលព្រឹក របស់លោក មាស ឫទ្ធី ដោយបង្ហាញពីការតស៊ូក្នុងវិថីចម្រៀងយ៉ាងស្វិតស្វាញ។ ក្នុងនោះ ពិសិដ្ឋ បានប្រាប់ថា ខ្លួនធ្លាប់បានដាក់ពាក្យប្រឡង ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះ ម្តងរួចមកហើយ តែមិនជាប់នោះទេ ពោលគឺធ្លាក់ត្រឹមវគ្គជម្រុះតាមខេត្ត។
ក្នុងបទសម្ភាសន៍នោះ ម្ចាស់ពានរង្វាន់ «The Voice Kids Cambodia» រដូវកាលទី២ កុមារា ទេព ពិសិដ្ឋ បាននិយាយថា «ខ្លួនក៏ធ្លាប់បានដាក់ពាក្យប្រឡង The Voice Kids Cambodia រដូវកាលទី១ដែរ ប៉ុន្តែជាលទ្ធផលទទួលបានបរាជ័យ ក្នុងការជម្រុះនៅតាមខេត្ត ព្រោះពេលនោះខ្លួនពុំសូវចេះច្រៀង។ តែជាសំណាងល្អ ពិសិដ្ឋ បានស្គាល់នារីម្នាក់ ដែលគេហៅថា «បងស្រី» នាងជាអ្នកចម្រៀងនៅហាងមួយកន្លែង ហើយពេលនោះ ទេព ពិសិដ្ឋ ក៏បានសុំបងស្រីនោះច្រៀងនៅក្នុងហាង ដោយមិនទាមទារប្រាក់កម្រៃពីការច្រៀងនោះទេ ព្រោះគោលបំណងដើម្បីបានហ្វឹកហាត់សំឡេង និងដឹងពីការច្រៀងបន្ថែមទៀត»។
ទន្ទឹមគ្នានឹងការលើកឡើងខាងលើនេះ បានធ្វើឲ្យទស្សនិកជនគិតថា កុមារាអាយុ ១៤ឆ្នាំ មកពីខេត្តសៀមរាបរូបនេះ ពិតជាមានការពុះពារយ៉ាងខ្លាំងលើវិថីសិល្បៈ ព្រោះតែចង់ក្លាយជាអ្នកចម្រៀងអាជីព និងមានឈ្មោះក្នុងផលិតកម្មធំមួយ ក្នុងប្រទេសកម្ពុជា គឺផលិតកម្មហង្សមាស។ ទីបំផុតការតស៊ូព្យាយាមហាត់ពត់លត់ដំ សមត្ថភាពរបស់ខ្លួន ដោយសុខចិត្តដើរច្រៀងតាមហាង មិនទទួលបានប្រាក់របស់ កុមារា ទេព ពិសិដ្ឋ ក៏ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈ សម្រាប់គ្រួសារ និងរូបគេផ្ទាល់។
គួរជម្រាបថា ក្នុងបទសម្ភាសន៍នេះ កុមារា ទេព ពិសិដ្ឋ បានបង្ហាញពីបំណងនៃថ្ងៃអនាគតរបស់ខ្លួនថា ក្រៅពីក្លាយជាតារាចម្រៀងមួយរូបហើយនោះ រូបគេចង់ក្លាយជាអាជីវករ ដូចឪពុកម្តាយរបស់គេដែរ តែយ៉ាងណា នេះគ្រាន់តែជាការគិតរបស់ តារាវ័យក្មេង ទេព ពិសិដ្ឋ នៅបច្ចុប្បន្ននេះតែប៉ុណ្ណោះ៕