(ក្រុងឡុងដ៍)៖ អតីតកីឡាករខ្សែបម្រើប្រយុទ្ធ Joe Cole ដែលធ្លាប់លេងនៅក្លឹប Chelsea, Liverpool, West Ham United និងអតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស បានឈានដល់ទីបញ្ចប់នៃអាជីពបាល់ទាត់ក្នុងរយៈពេល ២០ឆ្នាំ របស់ខ្លួនហើយ។

Cole បានចាប់ផ្ដើមលេងបាល់ទាត់នៅក្លឹបញញួរធំ West Ham នៅអាយុ ១៧ឆ្នាំមុននឹងចូលរួមជាមួយក្លឹប Chelsea ក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋី Roman Abramovich ក្នុងឆ្នាំ២០០៣។

Cole ធ្លាប់ឈ្នះពាន Premier League ១លើក និង FA Cup ៣លើក និងធ្លាប់ឈ្នះពាន EFL Cup ២លើកថែមទៀតផង។ Cole ធ្លាប់ចូលលេង ៥៦លើកជាមួយក្រុមជម្រើសជាតិអង់គ្លេស រួមមានការចូលលេងនៅការប្រកួត World Cup ឆ្នាំ២០០២ ឆ្នាំ២០០៦ និងឆ្នាំ២០១០ ចាប់តាំងពីក្លាយជាកីឡាករបាល់ទាត់អាជីព Cole ចូលលេងបាន ៥១៣ប្រកួតរកបាន ៧៣គ្រាប់។

Cole បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម Instagram ថា «ក្រោយពីលេងបាល់បាន ២០ឆ្នាំ ក្នុងនាមជាកីឡាករបាល់ទាត់អាជីព វាបានដល់ពេលដែលខ្ញុំត្រូវព្យួរស្បែកជើងឈប់លេងហើយ»

កីឡាកររូបនេះបានឈានដល់ទីបញ្ចប់នៃអាជីពរបស់ខ្លួន ក្រោយពីបានចំណាយពេល ៣ឆ្នាំលេងនៅក្លឹប Tampa Bay Rowdies ក្នុងលីគ United Soccer League ដែលជាលីគលំដាប់ទី២ របស់អាមេរិក៕