(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកការប្រកួតកីឡាស៊ីហ្គេម(SEA Games) ២លើកចុងក្រោយ ពោលគឺស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម គឺជាយុទ្ធសាស្ដ្ររបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាឆ្នាំ២០២៣ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ កាលពីពេលថ្មីៗ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា «មុនឈានដល់វេនកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម យើងត្រូវឆ្លងកាត់ការប្រកួត ២លើកទៀត ហើយតាមអនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានចាត់ទុកស៊ីហ្គេម ២លើកចុងក្រោយនេះ គឺជាយុទ្ធសាស្ដ្រដ៏សំខាន់ ដែលកម្ពុជាត្រូវរៀនសូត្រពីការរៀបចំ ទាំងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស និងកីឡាផ្សេងៗឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដកពិសោធន៍ធ្វើម្ចាស់ផ្ទះខ្លួនឯង»

លោកបន្ដថា ច្បាស់ណាស់ការប្រកួតកីឡាស៊ីហ្គេម សំខាន់គឺផ្ដោតលើការប្រជែងមេដាយជូនជាតិ តែក្នុងនាមកម្ពុជា មិនទាន់មានបទពិសោធន៍រៀបចំព្រឹត្តិការណ៍នេះ កម្ពុជាមិនត្រឹមតែត្រូវការមេដាយនោះទេ គឺត្រូវការទាំងបទពិសោធន៍ផងដែរ ពិសេសសហព័ន្ធកីឡាជាតិនីមួយៗ ដាច់ខាតត្រូវស្វែងយល់ពីបច្ចេកទេស និងការរៀបចំផ្សេងៗ ទៅតាមកីឡារបស់ខ្លួន ដើម្បីរៀបចំនូវផែនការយកប្រៀបនៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។ មិនតែប៉ុណ្ណោះ វាក៏ជាឱកាសវាស់ស្ទង់កម្រិតសមត្ថភាពប្រភេទកីឡាមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ស៊ីហ្គេម ឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ គ្រោងធ្វើឡើងនាចុងឆ្នាំ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ២០១៩ ក្នុងនោះកម្ពុជា បានត្រៀមបញ្ជូនកីឡាមានសក្ដានុពលមួយចំនួនធំទៅចូលរួម ហើយក៏រំពឹងកើនមានច្រើនខ្ទង់ទៀតផង ។ យ៉ាងណាប្រភេទកីឡាផ្លូវការ ដែលត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ នៅមិនទាន់សម្រេចនោះទេ ដោយសាររង់ចាំប្រជុំសម្រេច នាថ្ងៃទី២៣-២៤ ខែវិច្ឆិកាខាងមុខសិន៕