(ភ្នំពេញ)៖ កញ្ញា វ៉ាង ស្រីណូ ក្រោយបាត់មុខពីសិល្បៈមួយរយៈ គេសង្កេតឃើញតារាស្រីរូបនេះ ហាក់ដូចជាឡើងកូដ ក្លាយជាសេដ្ឋីនីភ្លាម ជាមួយនឹងការជោគជ័យ ក្នុងជំនួញផ្ទាល់ខ្លួន។ ទោះបីជាស្ងប់ស្ងាត់ពីសិល្បៈក៏ពិតមែន តែបើក្រឡេកមើលជីវិតឯកជនរបស់នាងវិញ ហាក់ឡូយឆាយមិនចាញ់ ត្រកូលអភិជនប៉ុន្មានឡើយ ខណៈថ្មីៗ នេះ នាងបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់ៗគ្នា ដោយស្រីស្រស់រូបនេះ បានទិញរថយន្ត Lexus មួយគ្រឿង ធ្វើជាកាដូរ ជូនដល់អ្នកមានគុណ ជាទីស្រឡាញ់ទាំងពីរ ដែលនាងបានលើកឡើងថា ជារបស់ដែលលោកចង់បានជាយូរមកហើយ។
ជាក់ស្ដែងស្រីស្រស់សម្រស់បាន វ៉ាង ស្រីណូ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងសារដែលមានអត្ថន័យយ៉ាង ដូច្នេះថា «ជូនកាដូរឡានថ្មីដល់អ្នកមានគុណ ធ្វើបុណ្យទាន់ខែភ្លឺ អ្នកមានគុណស្រឡាញ់អី បើកូនមានសមត្ថភាព បំពេញបំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោក ទាំងពីររីករាយភ្លាម។ អ្នកមានគុណ គាត់មានប្រសាសន៍ថា គាត់ស្រឡាញ់ឡាន Lexus ហ្នឹង គាត់មិនចង់បានឡាន អីផ្សេងទេ ទោះឲ្យថ្លៃជាងហ្នឹងក៏គាត់មិនយកដែរ។ អ៊ីចឹងមានតែតម្រូវតាមចិត្តគាត់ កូនស្រឡាញ់លោកទាំងពីរ»។
កញ្ញា វ៉ាង ស្រីណូ នេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យដឹងថា នាងបានទិញវីឡាភ្លោះ តម្លៃជាង១លានដុល្លារ នៅក្នុង បុរីប៉េង ហួត (បឹងស្នោ) ចំពេលដែលមានព័ត៌មានថា នាងមានទំនាក់ទំនងស្នេហា ជាមួយលោកថៅកែលក់ពេជ្រ នៅសាំងហ្គាពួរម្នាក់។ ប៉ុន្ដែ វ៉ាង ស្រីណូ មិនដែលហ៊ានចេញមុខលាតត្រដាង រឿងស្នេហានោះឡើយ សូម្បីតែផ្ទះវីឡាលេចឡើងជ្រងោរៗ នៅបឹងស្នោ ដែលគេស្គាល់ថា ជាកម្មសិទ្ធរបស់នាងគ្រប់គ្នានោះ ក៏អតីតតារារូបនេះ ព្យាយាមលាក់លៀមរហូតមកដែរ។
គួររំឭកផងដែរថា កញ្ញា វ៉ាង ស្រីណូ ដែលបោះបង់អាជីពភាពយន្ដជាច្រើនឆ្នាំមកហើយ ពោលគឺរស់នៅសម្ងំសោយសុខលើគំនរទ្រព្យ និងតែងតែបង្ហាញភាពហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយនាងពាក់គ្រឿងអលង្ការពេជ្រទាំងឈុតៗ មិនចាញ់ជំទាវៗមួយចំនួនឡើយ៕