(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍កន្លងទៅ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវក្រសួងការពារជាតិ ក្នុងជំនួបកម្តៅសាច់ដុំ ហើយជាលទ្ធផលនោះគឺក្រុមម្ចាស់ផ្ទះប្រកួតចាញ់ក្រុមភ្ញៀវក្នុងលទ្ធផល ១-៣។

ការប្រកួតកម្តៅសាច់ដុំនេះ គឺធ្វើឡើងក្នុងគោលបំណងធ្វើតេស្ត សមត្ថភាពកីឡាករទាំងថ្មីទាំងចាស់របស់ក្រុមភ្នំពេញក្រោន ហើយមួយវិញទៀតនោះ វាជាការប្រកួតដែលរៀបចេញជា២ក្រុម ពោលគឺមានក្រុមភ្នំពេញក្រោន A និង B។

ការថ្លែងបែបនេះ ក្រោយចប់ការប្រកួតលោកគ្រូបង្វឹក Leonardo Vitorino បានលើកឡើងថា «ថ្វីដ្បិតតែពួកយើងចាញ់ការប្រកួតនេះ ប៉ុន្តែខ្ញុំពេញចិត្តនូវទម្រង់លេងរបស់កូនក្រុម ព្រោះពួកយើងទើបតែបានហ្វឹកហាត់ជាមួយគ្នាពេញបានតែ១សប្តាហ៍ តែពួកគេព្យាយាមធ្វើតាមអ្វីដែលខ្ញុំចង់បានបានច្រើន»

គួរបញ្ជាក់ថា នេះជាការប្រកួតទីមួយហើយដែលគ្រូបង្វឹកជនជាតិប្រេស៊ីលដឹកនាំក្រុមភ្នំពេញក្រោន ក្រោយពីបានចូលមកដឹកនាំកាលពីពាក់កណ្តាលខែតុលាកន្លងមកនេះ៕