(ម៉ាឌ្រីដ)៖ ក្លឹបបាល់ទាត់ Real Madrid បានប្រកាសពីការតែងតាំងលោក Santiago Bernabeu ជាគ្រូបង្វឹកពេញសិទ្ធិ ជាផ្លូវការហើយចាប់ពីថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីបុរសជនជាតិអាហ្សង់ទីនរូបនេះដឹកនាំក្រុមអធិរាជស ឈ្នះ៤ប្រកួតជាប់ៗគ្នាត្រឹមរយៈពេល ២សប្តាហ៍។

យោងតាមសារព័ត៌មានអេស្ប៉ាញ Marca បានចុះផ្សាយថា ការសម្រេចតែងតាំងគ្រូបង្វឹកក្រុមយុវជន Real Madrid ត្រូវបានធ្វើឡើង បន្ទាប់ពីបុរសវ័យ៤២ឆ្នាំ Solari បានដឹកនាំក្រុមធំឈ្នះ៤ប្រកួតពីគ្រប់កម្មវិធីប្រកួត ដែលពុំមានគ្រូបង្វឹកណាធ្វើបានឡើយ ក្នុងរយៈពេល ១១៦ឆ្នាំរបស់ក្លឹបនាពេលកន្លងមក តែមិនបានបញ្ជាក់ពីកិច្ចសន្យា និងតម្លៃពល កម្មឲ្យដឹងឡើយ។

លោក Santiago Solari ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នក្នុងក្លឹប Real Madrid កាលពីចុងខែតុលា ឆ្នាំ២០១៨ ជំនួសកៅអីលោក Julen Lopetegui ដែលត្រូវបានថ្នាក់ដឹកនាំក្រុមអធិរាជស បញ្ចប់កិច្ចសន្យាមុនកាលកំណត់ នៅពេលដែល Real Madrid ធ្លាក់លេខរៀងទី៩ ក្នុងក្របខណ្ឌកំពូលអេស្ប៉ាញ La Liga នារដូវកាលថ្មីឆ្នាំ២០១៨-២០១៩។

គ្រូថ្មី Solari បានដឹកនាំក្រុមជើងឯក UEFA Champions League រដូវកាលមុនឡើងមកកាន់លេខ៦ បណ្តោះអាសន្ន វិញ ដោយចាញ់ក្រុមកំពូលតារាង FC Barcelona តែ៤ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះ២ប្រកួតជាប់គ្នានៅ La Liga ពោលគឺឈ្នះ Real Valladolid និងម្ចាស់ផ្ទះ Celta Vigo ៤-២ កាលពីរាត្រីថ្ងៃអាទិត្យដ៏គួរឲ្យភ្ញាក់ផ្អើល៕