(ភ្នំពេញ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅតែមិនអាចបំបែកកំណត់ត្រាមិនស្គាល់ពាក្យឈ្នះដដែល ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke Honda ដោយត្រូវក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា វាយបកឈ្នះដល់ទៅ ៤-១ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup 2018 កាលពីយប់មិញ។ ទន្ទឹមជាមួយគ្នា គ្រូបង្វឹក និងកីឡាកររបស់ក្រុមគោព្រៃកម្ពុជា សុទ្ធតែសម្ដែងនូវការសោកស្ដាយដូចគ្នា បន្ទាប់ពីមានឱកាសនាំមុខ ១គ្រាប់ តែគ្មានសំណាងទទួលបានជ័យជម្នះ។

ក្រោយចប់ការប្រកួតលោក Felix Agustin Gonzalex Dalmas គ្រូបង្វឹកកម្ពុជា បានលើកឡើងថា កូនក្រុមខ្លួននៅតែធ្វើបានល្អសម្រាប់ការប្រកួតនេះ ហើយលោកបានចាត់ទុកនេះគឺជាមេរៀនថ្មីមួយទៀត សម្រាប់កីឡាករម្នាក់ដែលលេងដោយគ្មានគ្រូ គ្មានជំនាញ តែមានការប្រកួតប្រជែងខ្លាំង។ ដោយផ្អែកលើឆន្ទៈដ៏មុតមាំរបស់កីឡាករម្នាក់ៗ លោករំពឹងថា កូនក្រុមខ្លួននឹងធ្វើបានកាន់តែល្អ សម្រាប់ការប្រកួតក្រោយៗ ហើយក៏សង្ឃឹមនឹងទទួលបានជ័យជម្នះ សម្រាប់ការប្រកួតនៅសល់ផងដែរ។

ដោយឡែកកីឡាករ គួច ដានី ខ្សែបម្រើក្រុមគោព្រៃកម្ពុជា បានត្រឹមសម្ដែងការសោកស្ដាយ ដែលកម្ពុជាធ្វើឲ្យរបូតឱកាសនៅតង់ទី២។ សមាជិកមកពីក្លឹបណាហ្គាវើលរូបនេះថា «បន្ទាប់ពី ចាន់ វឌ្ឍនាកា រកបាន ១គ្រាប់នៅតង់ទី១ ខ្ញុំសង្ឃឹមថា នឹងឈ្នះការប្រកួតនេះ។ តែគួរឲ្យស្ដាយ តង់ទី២ ការប្រកួតមានការប្រែប្រួល មីយ៉ាន់ម៉ា បានដាក់សម្ពាធខ្លាំង ធ្វើឲ្យយើងបាត់បង់ការប្រមូលអារម្មណ៍ ហើយពួកគេក៏មានឱកាសបញ្ចប់ទីបានល្អជាបន្ដបន្ទាប់ ។ តែយើងនៅតែសង្ឃឹម ២ប្រកួតចុងក្រោយ យើងនឹងធ្វើបានល្អ»

គួរបញ្ជាក់ថា បេសកកម្មចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 របស់ក្រុមជម្រើសជាតិកម្ពុជាពេលនេះ ហាក់សល់ឱកាសតិចតួចបំផុត ក្នុងការប្រកួតប្រជែងកៅអីវគ្គបន្ដ ក្រោយបរាជ័យ ២ប្រកួតផ្ទាន់ ក្រោមថ្វីជើងម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ។ ចំណែកប្រកួតនៅសល់ រួមមានជួបឡាវ នាថ្ងៃទី២០ ខែវិច្ឆិកា នៅលើទីលានពហុកីឡដ្ឋានជាតិ និងជួបក្រុមជម្រើសជាតិវៀតណាម ក្រៅដី នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ ស្របពេលបច្ចុប្បន្នម៉ាឡេស៊ី កំពុងឈរកំពូលតារាងមាន ៦ពិន្ទុ ខណៈមីយ៉ាន់ម៉ា និងវៀតណាមមាន ៣ពិន្ទុស្មើគ្នា តែសល់ ៣ប្រកួតក្នុងដៃរៀងខ្លួន៕