(ភ្នំពេញ)៖ ជាការពិត បើនិយាយពីប្រជាជនខាងប៉ែកអ៊ឺរ៉ុប គឺមិនចម្លែកនោះទេ ដែលមនុស្សពីរនាក់ស្រឡាញ់ភេទដូចគ្នា និងចាប់ដៃគ្នាសាងគ្រួសារនោះជារឿងធម្មតាសំរាប់ពួកគេ។ ដោយឡែក បើងាកមករកស្រុកខ្មែរវិញ ហាក់បីដូចចម្លែកខុសពីគេ   តែសម្រាប់បច្ចុប្បន្ននេះ គឺសង្កេតឃើញថា មានមនុស្សភេទដូចគ្នាបានចាប់ដៃគ្នារៀបការ ធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន ម្តងមួយគូ ម្តងមួយគូ។ រឹងតែពិសេសជាងនេះ ថ្មីៗនេះ មានអ្នកសិល្បៈភេទប្រុសដូចគ្នា ពីនាក់បានបើកទំព័រមុនគេ ក្នុងការចាប់ដៃគ្នាសាងជីវិតគ្រួសារជាមួយគ្នា ដោយសម្រេចចិត្តរៀបការ ធ្វើឱ្យកក្រើកអស់អ្នកសិល្បៈ និងមហាជនទូទៅ។

ទន្ទឹមគ្នានេះ មានតារាសម្ដែងប្រុសមួយគូ ដែលមហាជនជាច្រើនស្គាល់ថាជា «ចៅខ្មែរ» បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។ បើទោះជាភេទដូចគ្នាក៏ពិតមែន តែគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូនេះ បានប្រកាសឱ្យសាធារណៈជនដឹងពីគម្រោងជីវិតរបស់ពួកគេ ដើម្បីចងសម្ព័ន្ធប្ដីប្រពន្ធឱ្យរឹងមាំ និងរស់នៅជាមួយគ្នាឱ្យចុះសម្រុងដូចប្តីប្រពន្ធដទៃ។

ជាមួយនឹងការតាំងចិត្ត លោក ចៅខ្មែរ បានប្រកាសថា នឹងធ្វើឱ្យសង្គមអ្នកសិល្បៈដឹងថា ទោះជាខ្លួនស្រឡាញ់ភេទដូចគ្នា តែក៏មិនឱ្យសង្គមគ្រួសារស្ដីថា ឬបន្ទោសនោះទេ។ លោក ចៅខ្មែរ បានថ្លែងឲ្យដឹងថា ដ្បិតតែលោករៀបការភេទដូចគ្នា ដែលច្បាប់រដ្ឋមិនអនុញ្ញាតិ ប៉ុន្តែលោកបានធ្វើឡើងធំដុំតាមប្រពៃណី ដោយមានពិធីសូត្រមន្ត និងចងដៃមិនខុសពីមង្គលប្រុសស្រីទូទៅនោះទេ ដ្បិតថា ពិធីខ្លះគ្រាន់តែធ្វើរបៀបឧបកិច្ចៗ។ ពិធីនោះ ក៏ភ្ជាប់នឹងពិធីឡើងផ្ទះ និងសម្ពោធហាងលក់ផលិតផល ដែលអ្នកទាំងពីរសន្សំលុយកាក់រួមគ្នាទិញបាន។

ក្នុងពិធីនោះ គេសង្កេតឃើញថា មានសាច់ញាតិ និងមេបាទាំងខាងកូនកំលោះ និងខាងចៅខ្មែរ ចូលរួមដោយទឹកមុខសប្បាយរីករាយ ដោយតំណាងគ្រួសារទាំងសងខាង សុទ្ធតែបញ្ជាក់ថា គ្មានអារម្មណ៍អាម៉ាស់នោះទេ ផ្ទុយទៅវិញគឺសប្បាយចិត្ត និងគាំទ្រដែលកូនប្រុសទាំងពីរក្លាហានបញ្ចេញអារម្មណ៍ពិត ហ៑ានរៀបការជាមួយគ្នា។ មង្គលការនេះ ត្រូវគេឃើញភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ដោយកាន់តែយប់ជ្រៅ កាន់តែសម្បូរតារាសិល្ប:ចូលរួម ខណៈពិធីធ្វើឡើងក្នុងបុរី លឹម ឈៀងហាក់វាលស្បូវ៕