(ភ្នំពេញ)៖ ជាការពិតថ្មីៗនេះ តារាសម្តែងប្រុសជួរមុខមួយរូប គឺលោក អ៊ុន សិទ្ធា បានបង្ហោះសារមួយចំនួន ក្នុងគោលបំណងដាសសតិបុគ្គលតាមឈ្នានីសលោក ក្រោយពីតារាប្រុសរូបនេះ ទើបតែមកពីសម្តែងនៅប្រទេសឥណ្ឌា និងទទួលបានពានរង្វាន់មួយ គួរជាទីមោទនៈ។ លោក អ៊ុន សិទ្ធា បានបញ្ជាក់ថា លោកគ្មានការគុំគួន ឬខឹងសម្បារអ្វីនឹងពាក្យឈ្នានីស របស់បុគ្គលដែលជារៀមច្បងក្នុងសិល្បៈទេ តែលោកមិនចូលចិត្តមនុស្សរិះគន់មនុស្ស ដែលជាកត្តានាំឱ្យគ្មានការរីកចម្រើន។ លើសពីនេះ លោកថា ផ្ទុយទៅវិញពាក្យទាំងនោះ ប្រៀបឱសថមួយជួយឱ្យលោក មានភាពរឹងមាំ តស៊ូបន្តទៀត។

ការលើកឡើងបែបនេះ បន្ទាប់ពីតារាសម្តែងប្រុស ដែលតែងតែក្តាប់បានតំណែងជាតួឯកគឺ លោក អ៊ុន សិទ្ធា ផ្តល់បទសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយ​ Fresh News ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «សារដែលលោកបានបង្ហោះលើហ្វេសប៊ុកថ្មីៗនេះ គឺមិនមែនចង់មានរឿងវែងឆ្ងាយទេ គ្រាន់តែចង់ឱ្យបុគ្គលរិះគន់លោក ភ្ញាក់ខ្លួន និងភ្លឺភ្នែកបានខ្លះ ថាមនុស្សលោក មិនចេះតែឱ្យគេរិះគន់ងាយៗនោះទេ និងចង់បង្ហាញអារម្មណ៍ពិតរបស់លោកក្នុងបណ្តាញសង្គមប៉ុណ្ណោះ។ លោកមិនចូលចិត្តមនុស្សឈ្នានីសមនុស្សដូចគ្នានោះទេ ព្រោះគ្មានប្រយោជន៍អ្វីក្នុងការ រីកចម្រើនខ្លួនឯង និងសង្គមជាតិទេ ខណៈទំរាំតែមានភាពល្បីល្បាញ ទទួលបានសមិទ្ធផលដូចសព្វថ្ងៃ គឺសុទ្ធសឹងតែការខឹតខំប្រឹងប្រែងរបស់លោក ដោយខ្លួនឯង ដូច្នេះរាល់ពាក្យសម្តីរិះគន់របស់រៀមច្បង ទោះប៉ះពាល់ដល់អារម្មណ៍លោកក៏ពិតមែន តែរឹងតែធ្វើឱ្យលោករឹងមាំ តស៊ូ បន្តទៀត»

យ៉ាងណាមិញ បើងាកមកការងារសិល្បៈ និងសមិទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់លោកវិញ តារារូបនេះហាក់មានការរីកចម្រើនខ្លាំង ខណៈថ្មីៗនេះទើបតែទទួលបានពានរង្វាន់មួយក្នុងកម្មវិធី «International Film Festival» ពីប្រទេសឥណ្ឌា ត្រឡប់មកស្រុកខ្មែរ ដែលជាមោទនភាពមួយសម្រាប់រូបលោកផ្ទាល់ និងវិស័យខ្សែភាពយន្តខ្មែរទាំងមូល។ លោក បញ្ជាក់ប្រាប់ថា «លោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះសមិទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ ខណៈខ្សែភាពយន្តខ្មែរដែលនាំយកទៅផ្សាយនៅប្រទេសឥណ្ឌា គឺមានពីរឿង គឺរឿង «ពន្លឺនៃជីវិត» និងរឿង «Poppy goes to hollywood»។  អ្វីដែលពិសេស គឺលោកសង្កេតឃើញថា ប្រជាជនឥណ្ឌាមានការគាំទ្រស្នាដៃភាពយន្តខ្មែរ ព្រោះគ្រាន់តែចាក់រឿង «Poppy goes to hollywood» គឺមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង ខណៈបើប្រៀបធៀបនឹងខ្សែភាពយន្តមកពីប្រទេសដទៃ ខ្សែភាពយន្តខ្មែរទទួលបានការគាំទ្រច្រើនជាងគេ ក្នុងចំណោមខ្សែភាពយន្តរបស់ប្រទេសនានា»

ទន្ទឹមគ្នា នឹងភាពជោគជ័យក្នុងវិស័យសិល្បៈ បច្ចុប្បន្នតារាបុរសរូបនេះ កំពុងតែមមាញឹកខ្លាំង នឹងការងារសិល្បៈ ខណៈមានខ្សែភាពយន្តដល់ទៅ ៤រឿងឯណោះ ដែលលោកកំពុងសម្តែង ដោយក្នុងនោះ ពីររឿងគ្រងតំណែងជាតួឯកផងដែរ។

លោកក៏បានផ្តាំផ្ញើរដល់បុគ្គលពូកែឈ្នានីស ឱ្យកែប្រែធ្វើអ្វីដែលល្អ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ និងថ្លែងអំណរគុណដល់ទស្សនិកជន ដែលតែងតែគាំទ្រលោក ឱ្យជួបប្រទះនឹងសំណាងល្អ និងជោគជ័យ ព្រមទាំងបន្តគាំទ្រលោកបន្តទៀត៕