(ភ្នំពេញ)៖ តារាចម្រៀងជើងចាស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត បានបង្ហាញពីអារម្មណ៍​អាណិត ក្រោយពេលឃើញសត្វស្វាមួយក្បាល ដែលកំពុងបីកូនរងរបួស ព្រោះតែព្រានបាញ់ប្រហាដោយគ្មានក្តីអាណិតអាសូរបន្តិចណាឡើយ។

បង្ហាញភ្ជាប់ជាមួយរូបភាព នៃសត្វស្វាមានចេតនាប្រៀបធៀប ​រវាងរូបលោកដែលមានកូនផងនោះ លោក សាន ផានិត មិនត្រឹមតែបង្ហាញពីក្តីអាណិតអាសូរ ដល់សត្វស្វានោះទេ គឺលោកក៏បានបំផុសឲ្យមហាជនខ្មែរគ្រប់រូប ​ត្រូវតែបញ្ឈប់នូវការបាញ់សម្លាប់សត្វព្រៃ ដោយហេតុថា ពួកគេក៏មានជីវិតចង់រស់ និងស្រឡាញ់កូន​ ដូចមនុស្សយើងដែរ។

បើតាមសំណេរសរសេររៀបរាប់ ភ្ជាប់ជាមួយអារម្មណ៍ស្លុតចិត្តអាណិតសត្វស្វានោះ លោក ​សានផានិត បានលើកឡើងថា «រយលានអត្ថន័យ និងជម្រៅមនោសញ្ចេតនា ចូ​រកុំសម្លាប់សត្វលោក​។ ពិសេសចូរកុំធ្វើឲ្យមនុស្សដូចគ្នា របួសផ្លូវចិត្ត និងផ្លូវកាយ គ្រប់រូបសុទ្ធតែមានអ្នកផ្ញើជីវិតផ្ញើកាយ»

តាមរយៈការបង្ហោះរូបភាព និងសារបង្កប់អត្ថន័តរបស់តារាចម្រៀង លោក សាន ​ផានិត ខាងលើនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បញ្ចេញទស្សនៈស្រដៀងគ្នា និងលោកថា ជាការពិតណាស់មិនថា មនុស្សឬសត្វនោះទេ គឺពួកគេតែងចង់បានសេចក្តីសុខ និងមានជីវិតដូចគ្នា​៕