(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រស់ស្អាត សម្រស់បានរាងតូចច្រឡឹង កញ្ញា ដេននី ក្វាន់ បន្ទាប់ពីបានបង្ហាញមុខមាត់គូស្នេហ៍ ឲ្យមហាជនស្គាល់នោះ នាងត្រូវបានមហាជនសរសើរ មិនដាច់ពីមាត់ថា មានគូស្នេហ៍ចេះយល់ចិត្តគ្នា ស្រឡាញ់គ្នាដោយចិត្តស្មោះរៀងៗខ្លួន ​មិនគិតថា មានឬក្រ និងស្អាតឬមិនស្អាត​នោះទេ​។ យ៉ាងណាមិញថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះវីដេអូ យ៉ាងផ្អែមល្ហែម ក៏ព្រោះតែគូស្នេហ៍របស់ខ្លួនបាន Surprised ​នូវ​កាដូជាចិញ្ចៀនពេជ្រ ក្នុងថ្ងៃខួបកំណើតនៅមាត់សមុទ្រ ធ្វើឲ្យតារាស្រីរូបនេះ រំភើបរហូតស្រក់ទឹកភ្នែក ថែមទាំងសរសេរសារភ្ជាប់ជាមួយ​ យ៉ាងមានអត្ថន័យ ពោរពេញដោយភាពផ្អែមល្ហែមយ៉ាងខ្លាំង​។

ដោយយោងតាមគណនី​ហ្វេសប៊ុក របស់តារាសម្ដែង​ស្រីសិចស៊ី កញ្ញា ដេននី ក្វាន់ បានសរសេរសារយ៉ាង ផ្អែមល្ហែម​ថា «មានមនុស្សជាច្រើន សួរខ្ញុំថា ហេតុអី​ខ្ញុំរើសយកម្នាក់ហ្នឹង ដែលជាមនុស្សប្រុស សាមញ្ញបំផុតមិនស្អាតមិនសង្ហារ ហើយមិនមែនជាអ្នកមានទៀត តែសំរាប់ខ្ញុំ ខ្ញុំក៏មិនដឹងឡើយថា រើសខុស ឬក៏រើសទៅត្រូវ តែបើឲ្យរើសថ្មី​ម្តងទៀត ខ្ញុំនៅតែរើសយកម្នាក់ហ្នឹងដដែល..​ព្រោះស្នេហា របស់ខ្ញុំទាំងពីរ មិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្ត​ធ្វើព្រះនាងរបស់ប្តីអ្នកក្រ ប្រសើរជាងធ្វើទាសករប្តីអ្នកមាន.​! អរគុណសំរាប់ការ ស្រឡាញ់ដែលបងមានចំពោះអូន​»​

តាមរយៈសារមួយនេះ​ បានធ្វើឲ្យប្រិយមិត្តទស្សនិកជន​ជាច្រើន បានសម្ដែង​នូវអារម្មណ៍រំភើប ក៏ដូចជាចូលរួមអបអរសាទរ ចំពោះ​អ្នកទាំងពីរ ព្រមទាំងជូនពរ​ឲ្យស្រឡាញ់គ្នា រហូតតទៅផងដែរ​។

គួរបញ្ជាក់ថា ស្រីស្រស់ ដេននី ក្វាន់ និងគូស្នេហ៍របស់នាង គឺ​លោក ចាន់ មករា ត្រូវបានគេដឹងថា អ្នកទាំងពីរ​ពិតជាស្រឡាញ់គ្នា ដោយចិត្តស្មោះរៀងៗខ្លួន ដោយមិនគិតថា មានឬក្រ និងស្អាតឬមិនស្អាត ដូចដែលមហាជនមួយចំនួនតូច គិតនោះទេ​៕