(ម៉ាឌ្រីដ)៖ លោក Santiago Solari ដែលត្រូវបានថ្នាក់ដឹកនាំក្លឹប Real Madrid តែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន បានដឹកនាំកូនក្រុមឈ្នះ ៤ប្រកួតជាប់ៗគ្នាតែម្តងគ្រប់យុទ្ធនាការពានរង្វាន់ Copa del Rey, UEFA Champions League និង La Liga ជាដើម។
បុរសជនជាតិអាហ្សង់ទីនខាងលើនេះ ត្រូវបានតែងតាំងជាគ្រូបង្គោលដឹកនាំក្លឹបអេស្ប៉ាញ Real Madrid បណ្តោះអាសន្ន ដើម្បីជំនួសកៅអីគ្រូបង្វឹក Julen Lopetegui ដែលត្រូវបានបញ្ចប់កិច្ចសន្យាមុនរដូវកាល ដោយបានដឹកនាំក្រុមរហស្សនាម «អធិរាជស» មួយនេះឈ្នះ១ប្រកួតក្នុងពានរង្វាន់ទី២អេស្ប៉ាញ Copa del Rey មុនឈ្នះ Plzen នៅ UEFA Champions League និងឈ្នះ២ប្រកួតនៅ La Liga ជាមួយនឹងការបំបាក់ម្ចាស់ផ្ទះ Celta Vigo ៤-២ នារាត្រីថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកាផងដែរ។
៣ពិន្ទុបន្ថែមនាយប់មិញនេះដែរ បានជួយឲ្យ Real Madrid បន្តឈរនៅលេខរៀងទី៦ បណ្តោះអាសន្នក្នុង La Liga ដដែល ប៉ុន្តែបន្ថយគំលាតនៅមុខក្រុមកំពូលតារាងមកនៅត្រឹម ៤ពិន្ទុវិញ តាមរយៈម្ចាស់ផ្ទះ Barcelona បានបរាជ័យ ៣-៤ ក្នុងផ្ទះរបស់ខ្លួនក្រោមថ្វីជើងរបស់ Real Betis ក្នុងសប្តាហ៍ទី១២៕